រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ។ ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការស.ស.យ.កខេត្តព្រះសីហនុ សរុបប្រមាណជាង១៥០ រូប។
សេចក្តីសម្រេចលេខ៤៨១/សរ ស.ស.យ.ក ស្តីពីការទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក.ខេត្ត ត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវការងារមួយចំនួនដូចខាងក្រោម៖
១.ពង្រឹង ពង្រីកសមាជិក រចនាសម្ព័ន្ធ និងខ្សែរយៈចាត់តាំង ស.ស.យ.ក ទាំងបរិមាណ និងគុណភាព ជាពិសេសនៅថ្នាក់ឃុំ-សង្កាត់ បន្តជំរុញការបង្កើតរចនាសម្ព័ន្ធដល់ថ្នាក់ភូមិ
២.កសាងចលនាយុវជនឱ្យចូលរួមជាមួយ ស.ស.យ.ក ប្រែក្លាយកម្លាំងយុវជនឱ្យទៅជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ទំនើបរស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរប្រកបដោយគុណធម៌ សីលធម៌ មនសិការស្នេហាជាតិ រស់នៅក្នុងឯករាជ្យ អធិបតេយ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ ពហុភាគីនិយម និងវឌ្ឍនភាពសង្គម
៣.បន្តពូនជ្រុំកម្លាំងយុវជន និងថែរក្សាសន្តិភាព ស្ថិរភាព សេរីភាព យុត្តិធម៌សង្គមការកសាងចលនាយុវជនចូលរួមជាមួយមហាគ្រួសារ ស.ស.យ.ក បង្កើនសមត្ថភាពយុវជនឱ្យស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០ ប្រកបដោយចំណេះដឹង ពុទ្ធិ បំណិន វិជ្ជាជីវៈ សហគ្រិនភាព គំនិតច្នៃប្រឌិត បច្ចេកវិទ្យា នវានុវត្តន៍ ប្រែក្លាយកម្លាំងយុវជនឱ្យទៅជាគ្រឹះ ជាសសរស្តម្ភបន្តវេន
៤.បណ្ដុះឧត្ដមគតិជាតិជឿនលឿន ភាពជាអ្នកដឹកនាំមានចក្ខុវិស័យចំពោះអនាគតកម្ពុជា ត្រូវស្គាល់ពីតម្លៃខ្លួនឯង ភាពរហ័សរហួន ភាពជាគំរូ យល់ច្បាស់ពីតម្លៃនៃសន្តិភាព និងការថែរក្សាការពារសន្តិភាពប្រកបដោយចីរភាព និរន្តរភាព
៥.យកចិត្តទុកដាក់គ្រប់គ្រងសតិអារម្មណ៍ និងការអប់រំបណ្តុះបណ្តាល ផ្សព្វផ្សាយជាប់ជាប្រចាំ អំពីសកម្មភាព ទស្សនវិស័យ គោលការណ៍ បទបញ្ជាផ្ទៃក្នុង
៦.ជំរុញស្មារតីសេ្នហាជាតិ មាតុភូមិ អភិវឌ្ឍសមត្ថភាពប្រកាន់យកអភិក្រម «ការសិក្សាពេញមួយជីវិត» ប្រកបដោយវិជ្ជាជីវៈ បំផុសស្មារតីយុវជនឱ្យស្រលាញ់ជាតិ មាតុភូមិ វប្បធម៌សន្តិភាព ផ្សព្វផ្សាយពីអត្តសញ្ញាណជាតិ គុណតម្លៃជាតិ លើកស្ទួយកិត្យានុភាពជាតិ ការកសាងជង្រុកសុវត្ថិភាពស្បៀង «ជឿជាក់លើកម្ពុជា» និង «ខ្មែរធ្វើបាន»
៧.អភិវឌ្ឍវិស័យការងារ និងសេដ្ឋកិច្ចឌីជីថល ជាមួយរាជរដ្ឋាភិបាល សិក្សាស្វែងយល់បន្ថែមអំពីបញ្ហាប្រឈម និងតម្រូវការរបស់សហគមន៍មូលដ្ឋាន ផ្តល់ដំណោះស្រាយតាមលទ្ធភាព សមត្ថភាពជំនាញវិជ្ជាជីវៈ
៨.បង្កលក្ខណៈឱ្យសមាជិក សមាជិកាចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីសុខដុមនីយកម្មសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឈានទៅសម្រេចបាននូវគោលដៅរួមរបស់កម្ពុជា ក្លាយទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
៩.ពង្រឹងទំនាក់ទំនងល្អជាមួយអង្គការយុវជន និងយុវជនបណ្តាប្រទេសនានាលើសកលលោក ឈរលើស្មារតីការពារឧត្តមប្រយោជន៍កម្ពុជា ស្របតាមអភិក្រម «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» «កុំយកអធិបតេយ្យជាតិទៅប្តូរជាមួយនឹងជំនួយ» «កុំយកសន្តិភាពរបស់ប្រទេសទៅប្តូរជាមួយនឹងជំនួយ» និង «កម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន»
១០.សូមសមាជិក សមាជិកា ស.ស.យ.ក អនុវត្តនូវផែនការយុទ្ធសាស្រ្ដយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិឆ្នាំ២០២៣-២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីអនាគតកម្ពុជា ឈរលើទស្សនៈថា «ខ្មែរសាមគ្គី ខ្មែរឈ្នះ» ជាដរាប។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ជូនសមាជិក សមាជិកា នៃអង្គពិធីអំពីសាវតា និងដំណើររីកលូតលាស់របស់ ស.ស.យ.ក ជាស្ថាប័នយុវជនដែលមានបេសកកម្ម និងមាគ៌ាបន្តស្មារតី ២ធ្នូ ដោយការដាក់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយឡែកមករួមគ្នាជាក្រុមសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិ។ ទន្ទឹមនេះឯកឧត្តម ក៏បានធ្វើការផ្សារភ្ជាប់រវាងស្មារតី២ធ្នូរ និងស្ថានភាពបច្ចុប្បន្ន ដោយគូសបញ្ជាក់ផ្តាំផ្ញើដល់ថ្នាក់ ដឹកនាំគណៈកម្មាធិការខេត្ត ក្រុង ស្រុក និង សមាជិក សមាជិកាស.ស.យ.ក គ្រប់ៗរូបបន្តខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតី និងយល់ច្បាស់ពីបុព្វហេតុ បេសកកម្ម ជាពិសេសការចូលរួមក្នុងកិច្ចការងារសង្គម និងការដាក់ប្រយោជន៍ប្រជាជន និងប្រទេសជាតិជាចម្បង។
ឯកឧត្តម បានមានប្រសាសន៍ថា ភាពលូតលាស់នៃ ស.ស.យ.ក រយៈពេលជាង១០ឆ្នាំនេះ មិនមែនជារឿងសមញ្ញនោះទេ វាចេញពីការខិតខំប្រឹងប្រែងទាំងអស់គ្នា ហើយការបង្កើនទំនុកចិត្តដល់មហាជនឱ្យមានភាពជឿជាក់ និងទទួលស្គាល់ គឺទាមទារការអនុវត្តជាប្រចាំ និងចំណាយពេលវេលា។