ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់៧០ យាងចូល ៧១ព្រះវស្សា ដោយមានការរៀបចំពីធីសូមមន្ត ចម្រើនព្រះបរិត្ត និងរាប់បាតព្រះសង្ឃចំនួន ៧១អង្គ នៅវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអានសារលិខិតថ្វាយព្រះពរ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! នាឱកាសដ៏មហានក្ខត្តឫក្សបវរថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៧០ យាងចូល ៧១ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជារាស្ត្រទាំងអស់ក្នុងខេត្តព្រះសីហនុ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូបយូរអង្វែងតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះទូលព្រះបង្គំយើងខ្ញុំ សូមធ្វើអភិវន្ទន៍កិច្ចថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថទាំងទ្វេប្រណម្យបួងសួងដល់គុណបុណ្យព្រះរត់នត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមតាមប្រោះព្រំ ទ្រទ្រង់គាំពារថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តា ប្រោសទទួលនូវគារវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា។
ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋអញ្ជើញរាប់បាតព្រះសង្ឃចំនួន ៧១អង្គផងដែរ។