ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការគណកម្មការជាតិដោះស្រាយបាតុកម្ម កូដកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលជិជ្ជាជីវៈ អញ្ជើញចុះពិនិត្យទីតាំងរៀបចំសំណេះសំណាលជាមួយកម្មករ និយោជិត និងពិនិត្យទីតាំងរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលគ្រោង និងរៀបចំពិពរណ៌ និងសម្ពោធរោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទី១.រៀបចំឈូសឆាយដីទីតាំងឱ្យបានរាបស្មើ ដោយឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីមន្ទីរដែនដីខេត្ត សហការជាមួយតំបន់សេសកិច្ចពិសេស ដើម្បីឈូសឆាយដីកន្លែងប្រារព្ធពិធីសំណេះសំណាលជាមួយកម្មករ និយោជិតរោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រួចបន្តពិនិត្យរោងចក្រផលិតកង់រថយន្តដំបូងគេនៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ៣០០លានដុល្លាអាមេរិក ម្យ៉ាងទៀត ដើម្បីអបអរសាទរខួប ១៥ឆ្នាំ នៃដំណើរការរបស់តំបន់សេដ្ឋកិច្ចពិសេសនៅលើទឹកដីខេត្តព្រះសីហនុ ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ២០២៣កន្លងមក ខ្ញុំបានដឹកនាំប្រតិភូខេត្ត មកពិនិត្យដំណើរការចង្វាក់ផលិតកម្មរបស់រោងចក្រផលិតសំបកកង់រថយន្តម្តងរួចមកហើយ ក្រុមហ៊ុនបានសន្យារៀបចំចង្វាក់ផលិតកម្មបានទាន់ពេលវេលា ដើម្បីរៀបចំកាត់ខ្សែបូរសម្ពោធជាផ្លូវការ និងកម្មវិធីពិពរណ៍ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយកិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើចំណុចចំនួន ៣ ទី១.ការរៀបចំសំណេះសំណាលជាមួយកម្មករ និយោជិត ទី២.ទស្សនាពិពរណ៌តំបន់សេដ្ឋកិច្ចពិសេស និងទី៣.សម្ពោធរោងចក្រផលិតសំបកកង់រថយន្តធំជាងគេនៅខេត្តព្រះសីហនុ។ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ត្រីដែនដីខេត្ត សហការជាមួយក្រុមហ៊ុនសេដ្ឋកិច្ចពិសេស ឈូសឆាយទីលានសំណេះសំណាលឱ្យបានរៀបស្មើ ព្រោះកម្មវិធីសំណេះសំណាលនេះ មានកម្មករ និយោជិតចូលរួមជាង ២០ ០០០នាក់ ទាមទាមរៀបចំទីលានឱ្យបានធំទូលាយ ធានាបាននូវផាសុភាពអ្នកចូលរួម ត្រូវបើកច្រកឱ្យបានច្រើនទាំងច្រកចេញចូល ទន្ទឹមនោះ ត្រូវគិតគូរពីអាកាសធាតុ ដែលអាចបង្កផលប៉ះពាល់នៅពេលភ្លៀង ខ្យល់ សុទ្ធតែជាកង្វល់របស់យើងទាំងអស់គ្នា។
ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការគណៈកម្មការជាតិដោះស្រាយបាតកម្ម កូដកម្ម នៃក្រសួងការងារនិងបណ្តុះបណ្តាលជិជ្ជាជីវៈ បានគាំទ្រចំណាត់ការណែនាំរបស់ឯកឧត្តម អភិបាលខេត្ត ក្នុងការរៀបចំជួបជុំកម្មករ និយោជិតជាង ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយនេះក៏ជាការជួបជុំកម្មករយ៉ាងច្រើន មិនដែលធ្លាប់មានបែបនេះ យើងធ្លាប់ធ្វើការជួបជុំកម្មករ និយោជិតត្រឹមតែ ១៦ ០០០នាក់នៅស្វាយរៀង បើយើងមិនបានរៀបចំឱ្យបានមុននោះទេ វានឹងមានពិបាកក្នុងការគ្រប់គ្រង ដូច្នេះកិច្ចប្រជុំនាពេលនេះ គឺរួមគ្នាធ្វើផែនការ ដើម្បីឱ្យដំណើរការកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក សុំឪ្យអាជ្ញាធរពាក់ព័ន្ធចូលរួមសហការឱ្យបានផុលផុស ដើម្បីឪ្យកម្មវិធីរបស់យើងប្រព្រឹត្តិទៅទទួលបានលទ្ធផលល្អតាមការគ្រោងទុក។