រសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់មេដាយជូនកីឡាករ កីឡាការិនី ជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ប្រភេទកីឡាទូកក្តោង នៅពយតាមូង (ទីលានតេជោ)ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីចំនួន ៦ប្រទេស សរុបចំនួន ៥៣នាក់ គណៈកម្មការបច្ចេកទេស គ្រូបង្វឹក។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាងនាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមអបអរសាទរ កីឡាករ កីឡាការិនីជ័យលាភី ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ប្រភេទកីឡាទូកក្តោង នាឱកាសដ៏វិសេសវិសាលនេះ។ ឯកឧត្តម អភិបាលខេត្ត បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិ អន្តរជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ និងសហព័ន្ធកីឡាទូកក្តោង និងគណៈប្រតិភូកីឡាដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេស ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាធ្វើឱ្យដំណើរការ នៃការប្រកួតកីឡាទូកក្តោងប្រព្រឹត្តទៅកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមាន។ ព្រឹត្តិការណ៍ប្រកួតរយៈពេល ៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមប្រកួតពីកីឡាករ កីឡាការិនីចំនួន ៥៣រូប មកពីប្រទេសចំនួន ៦ក្នុងតំបន់អាស៊ានមានដូចជា កម្ពុជា ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម ដោយបែងចែកជា ៩ប្រភេទវិញ្ញាសារួមមាន៖
១.វិញ្ញាសា Windsurfing RS:One មាន ៥ប្រទេស (កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីន)
២.វិញ្ញាសា windsurfing RS:X មាន ៤ប្រទេស (កម្ពុជា, ថៃ, សឹង្ហហបុរី និងម៉ាឡេស៊ី)
៣.វិញ្ញាសា WindFoil IQ:Foil Open មាន ៤ប្រទេស (កម្ពុជា, ថៃ និងហ្វីលីពីន)
៤.វិញ្ញាសា WindFoil IQ:Foil Youth មាន ៣ប្រទេស (កម្ពុជា, ថៃ និងហ្វីលីពីន)
៥.វិញ្ញាសា ILCA7 មាន ៦ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី,ម៉ាឡេស៊ី, វៀតណាម និងហ្វីលីពីន)
៦.វិញ្ញាសា ILCA6 មាន ៥ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម) ៧.វិញ្ញាសា ILCA4 មាន ៦ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី, វៀតណាម និងហ្វីលីពីន)
៨.វិញ្ញាសា Optimist Mix មាន ៥ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីន)
៩.វិញ្ញាសា 29er Open មាន ៥ ប្រទេស (កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម)។ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា សម្តេចតេជោបានសម្រេចមិនយកថ្លៃហូបចុក ការស្នាក់នៅ ចំពោះប្រតិភូកីឡា និងមិនយកថ្លៃសំបុត្រចូលទស្សនាដែលជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកីឡាស៊ីហ្គេម។ ទាំងនេះបានបង្ហាញថា «កម្ពុជាប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រទៅទៀត» ជាពិសេសដែលត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ផ្តល់ជូននូវមេដាយមរតកអូឡាំពិកអន្តរជាតិ៕