នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោកឧកញ៉ា លោកជំទាវ មន្ត្រីរាជការ និងសប្បុរសជន ដើម្បីចូលរួមអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិចន្នសង្គម” ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាសដែលបានចូលរួមសកម្មភាពការងារសង្គមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា សម្ភារៈ និងធនធានយកមកបម្រើសកម្មភាពមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងស្លាប់។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុរសជន អាជីវករ ពាណិជ្ចករ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បន្តទៀត ដើម្បីឱ្យសាខាមានធនធានថវិកា សម្ភារៈ ដើម្បីយកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្នានទីពឹង ក្មេងកំព្រា ស្ត្រីម៉េម៉ាយមានកូនច្រើនដែលខ្វះខាតស្បៀងបានទាន់ពេលវេលា។
អំណោយដែលលោកឧកញ៉ា សប្បុរសជន និងមន្ត្រីរាជការប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តមានដូចជា៖
១.អង្គភាពអគ្គិសនីខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ចំនួន ២០,០០០ដុល្លារអាមេរិក
២.លោកឧកញ៉ា លឹម ហ៊ុយឡេង អនុប្រធានកិត្តិយសសាខា និងលោកជំទាវឧបត្ថម្ភថវិកា ១០,០០០ដុល្លាអាមេរិក
៣.លោកឧញ៉ា សុខ សុង អនុប្រធានកិត្តិយសសាខា និងលោកជំទាវឧបត្ថម្ភថវិកា ៣.០០០ដុល្លាអាមេរិក
៤.លោកឧកញ៉ា តាំង គួង និងលោកជំទាវ អគ្គនាយកឆាយវ៉ាងគ្រុប និងជាអនុប្រធានកិត្តិយសសាខា ឧបត្ថម្ភថវិកា ២,០០០ដុល្លាអាមេរិក
៥.លោក ទេព សុធារិទ្ធ និងលោកស្រី ចុងភៅភក្តី ឧបត្ថម្ភថវិកាចំនួន ៣០០ដុល្លាអាមេរិក និងទឹកសុទ្ធ ១០០កេស
៦.លោកស្រី លី ហេង ម្ចាស់បណ្ណាគារ លីហេង ឧបត្ថម្ភថវិកាចំនួន ១០០ដុល្លាអាមេរិក
៧.លោកជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ១០០ដុល្លាអាមេរិក
៨.លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ៤,០០០,០០០រៀល។
៩.មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ៤,០០០,០០០រៀល
១០.លោក សួន ដារ៉ារិទ្ធ ប្រធានរតនាគារខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ២,០០០,០០០រៀល
១១.សមាគមខ្មែរ ចិន ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ២,០០០,០០០រៀល
១២.លោក សាន់ សុខធុន និងលោកស្រី ឧបត្ថម្ភថវិកា ១,០០០,០០០រៀល
១៣.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី សាខាខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ១,០០០,០០០រៀល៕