ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីលានបាល់ទះលើឆ្នេរខ្សាច់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្មេយ៍លើកទី៣២ (32 SEA GAME) ២០២៣ នៅពយជំទាវម៉ៅស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរបាយការណ៍គណៈកម្មការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍ សម្រាប់វិញ្ញាសាកីឡាបាល់ទះលើឆ្នេរខ្សាច់នៅខេត្តព្រះសីហនុ និងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ចំពោះវិញ្ញាសាបាលទះលើឆ្នេរខ្សាច់មានពីរផ្នែក គឺផ្នែកបុរស និងនារី ផ្នែកបុរសមានកីឡាករចូលរួមមកពីប្រទេសចំនួន៩ ដែលមានកីឡាករសរុបចំនួន ៥៥នាក់ វិញ្ញាសាបាល់ទះលើឆ្នេរខ្សាច់ផ្នែកនារីមាន ៧ប្រទេសចូលរួម មានកីឡាករសរុបចំនួន ៤២នាក់។ ក្នុងនោះមានគណៈកម្មការមន្ត្រីបច្ចេកទេសជាតិ អន្តរជាតិចំនួន ១៦៥នាក់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ ត្រូវបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ២០២៣ មានកីឡា ៣ប្រភេទ ១.កីឡាបាល់ទះលើឆ្នេរខ្សាច់ រៀបចំការប្រកួតនៅឆ្នេរពយជំទាវម៉ៅ (ជិតដើមឈើចាំស្នេហ៍) ២.កីឡាទូកក្តោង ៣.កីឡាម៉ូតូទឹក រៀបចំការប្រកួតនៅលើផ្ទៃសមុទ្រមុខឆ្នេរសុខា ជាប់ទីលានតេជោ (ពយតាមូង)។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំក្រុមការងារបច្ចេកទេសត្រូវធ្វើយ៉ាងណាសម្អាតបរិស្ថាននៅជុំវិញទីលានប្រកួតឱ្យបានល្អស្អាត នៅក្នុងទីលានប្រកួតត្រូវជ្រោយខ្សាច់ឱ្យបានរៀបស្មើ ដើម្បីងាយស្រួលសម្រាប់កីឡាកររបស់យើងធ្វើការប្រកួតទៅតាមពូលនីមួយៗឱ្យទទួលបានជោគជ័យជូនប្រទេសរបស់ខ្លួន។ និងពិនិត្យមើលការហ្វឹកហាត់របស់ក្រុមកីឡាករជំរើសជាតិកម្ពុជា កំពុងហ្វឹកហាត់នៅលើទីលានប្រកួត ត្រូវយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងបញ្ចេញបច្ចេកទេសឱ្យអស់លទ្ធភាពរៀងៗខ្លួន ដើម្បីដណ្តើមយកមេដាយជូនជាតិរបស់យើង ហើយនេះក៏ជាព្រឹត្តិការណ៍កីឡាមួយ ដែលកម្ពុជាខកខានធ្វើជាម្ចាស់ផ្ទះអស់ជាង ៦៤ឆ្នាំកន្លងមកហើយផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃបើកការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ឯកឧត្តមនឹងមកមើលការប្រកួតនៅទីនេះ ដើម្បីលើកទឹកចិត្តដល់កីឡាឱ្យបញ្ចេញទេពកោសល សមត្ថភាព ដណ្តើមមេដាយមាស និងធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញចូលរួមទស្សនាកីឡាស៊ីហ្គេមនៅខេត្តព្រះសីហនុ ប្រកបដោយបរិយាកាសសប្បាយរីករាយទាំងអស់គ្នា។