ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ ប្រគល់ជូនដល់រដ្ឋបាលខេត្ត ដែលស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត និងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់នៅសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ផងដែរ។
ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ឱ្យដឹងថាក្នុងពិធីប្រគល់ទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងទី២ រួមទាំងរូបបដិមាចំនួន ៥ទីតាំងដែលធ្វើអំពីស្ពាន់ដោយក្នុងកិច្ចការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុនេះផងដែរ គឺផែនការរបស់រាជរដ្ឋាភិបាល ដោយបានប្រកាសបើកការដ្ឋាននៅកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោមការអញ្ជើញគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់នៅកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ហើយក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្សែ នៅក្នុងក្រុង/ខេត្តព្រះសីហនុ មានប្រវែងសរុបទាំងអស់គឺ ៨៤.០៦៦គីឡូម៉ែត្រ ដោយក្នុងនោះមាន៖ ផ្លូវមហាវិថីចំនួន ៣ខ្សែ,ផ្លូវវិថីចំនួន ១៥ខ្សែ និងអនុវិថី ១៩ខ្សែ ហើយសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះគឺជាដំបូងឡើយដែលបានក្រុមការងារគិតគូរពីគណៈកម្មការជាតិអភិវឌ្ឍន៍គ្រប់គ្រងតំបន់ឆ្នេរកម្ពុជា ដោយគិតគូដំបូងអំពីផ្លូវធ្វើយ៉ាងណាឱ្យមានផ្លូវផ្សេងទៀតក្នុងការបញ្ជៀសតាមផ្លូវជាតិលេខ៤ ដោយហេតុដូច្នេះហើយទើបយើងមានមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅផងដែរ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ក្នុងពិធីប្រគល់ទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ រួមទាំងរបាយការណ៍ឯកសារដែលបានកត់ត្រាពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ នៃការស្ថាបនារួចរាល់ប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុដើម្បីដាក់ជូនទៅក្រសួងហិរញ្ញវត្ថុ ក្នុងការទូទាត់នៃការចំណាយក្នុងប្រតិបត្តិការថែទាំដោយពឹងផ្អែកទៅលើឯកសារជាមូលដ្ឋានក្នុងការទូទាត់ទៅក្រសួងហិរញ្ញវត្ថុជូនមកក្រុមហ៊ុនស្ថាបនាដែលនៅពេលកន្លងមកនូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ ហើយជាថ្មីម្ដងទៀតក្នុងការរៀបចំពិធីប្រគល់ទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងអាងប្រព្រឹត្តិកម្មចំនួនពីរទីតាំងជូនដល់រដ្ឋបាលខេត្ត សបញ្ជាក់ឱ្យឃើញថាដោយក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចេញនៅកញ្ចប់ថវិកាចំនួន ១០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍និងស្ថាបនាផ្លូវ ៣៧ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដែលជាជ្រៅចំពោះថ្នាក់ដឹកនាំសម្ដេចតេជោ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងការដឹកនាំគណៈកម្មការតំបន់ឆ្នេរ ក៏ដូចជាក្រុមការងាររបស់ក្រុមហ៊ុនម៉ៅការទាំងអស់ ព្រមទាំងកងកម្លាំងអាជ្ញាធរ និងមន្ត្រីជំនាញដោយនៅពេលកន្លងមកបានរួមសហការគាំទ្រគ្នាជំរុញក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលខេត្តព្រះសីហនុទទួលបាននៅសមិទ្ធផលយ៉ាងត្រចះត្រចង់នៅអបអរសាទរពីថ្នាក់ដឹកនាំជាតិ និងអន្តរជាតិរួមទាំងសាធារណៈមតិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ហើយសមិទ្ធផលទាំងអស់នេះគឺដោយសារការខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាពីថ្នាក់ដឹកនាំដែលបានផ្ដល់នូវសមិទ្ធផលសម្រាប់យើង និងសម្រាប់ជាតិរបស់យើងទាំងគ្នា៕