ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ដែលបានបញ្ជប់ការសិក្សានៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ។
លោក ភេង នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ បានរាយការណ៍ពីមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តព្រះសីហនុ បានប្រែក្លាយជាវិទ្យាស្ថានពហុបច្ចេកទេស បណ្តុះបណ្តាលចាប់ពីកម្រិត បនបត្រវិជ្ជាជីវ:រយៈពេលខ្លី ដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា បរិញ្ញាបត្រវិស្វករ សិក្សារយៈពេល៤ឆ្នាំ សិស្ស និស្សិតបញ្ចប់ការសិក្សាពីឆ្នាំ២០០០ ដល់២០២២ សរុបចំនួន ១៦,៧៣៦នាក់ ស្រី ៧,៩០៧នាក់ ដោយឡែកសិស្ស និស្សិតបញ្ចប់ការសិក្សា២០១៨ ដល់២០២២ ត្រូវទទួលសញ្ញាបត្រនាពេលនេះមានចំនួន ៩៣២នាក់ ស្រី ៣១៨នាក់។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានអបអរសាទរសិស្ស-និស្សិតវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ និងនិស្សិតជ័យលាភីបញ្ចប់ការសិក្សាដោយជោគជ័យទទួលបានលទ្ធផលដ៏ត្រចេះត្រចង់នាថ្ងៃនេះ គឺស្តែងចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗ និងការលះបង់ដ៏ធំធេងរបស់មាតា បិតា អាណាព្យាបាល ទើបអាចសម្រេចបានលទ្ធផលដូចថ្ងៃនេះ។ រាជរដ្ឋាភិបាលចាត់ទុកសមត្ថភាព ធនធានមនុស្សផ្នែកបំណិននាសតវត្សរ៍ទី២១ ជាពិសេសផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាជំរុញឧត្តមភាពប្រកួតប្រជែងរបស់ប្រទេសជាតិ។ សមត្ថភាពប្រែក្លាយចំណេះដឹងទៅជាការអនុវត្តថ្មីៗ ដើម្បីគាំទ្រដល់ការធ្វើអន្តរកម្មសេដ្ឋកិច្ចរបស់ប្រទេសពីការធ្វើពាណិជ្ជកម្មជាលក្ខណៈដោះដូរទំនិញ ទៅជាការធ្វើពាណិជ្ជកម្មផលិតផល និងសេវាកម្មដែលប្រើប្រាស់ចំណេះដឹង និងបច្ចេកវិទ្យាកម្រិតខ្ពស់ និងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ពីឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មទៅជាឧស្សាហកម្មផ្អែកលើពុទ្ធិ និងបំណិននៅត្រឹមឆ្នាំ២០២៥ តាមរយៈការបង្កើតនូវសេដ្ឋកិច្ច ឌីជីថល សំដៅធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្នុងក្របខណ្ឌអន្តរជាតិ ការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ប្រការទាំងនេះ ត្រូវពឹងអាស្រ័យលើការផ្គត់ផ្គង់ធនធានមនុស្ស ដែលមានលក្ខណៈសម្បត្តិសមស្រប និងមានសមត្ថភាពខ្ពស់រួមជាមួយនឹងចំណេះដឹងទូលំទូលាយលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា សារគមនាគមន៍ និងនាវានុវត្តន៍ថ្មីៗ ដើម្បីបំពេញការងារប្រចាំថ្ងៃ។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់គណៈគ្រប់គ្រងវិទ្យាស្ថាន សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានចូលរួមបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ ចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ។ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះ សីហនុ មានការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានការបណ្តុះបណ្តាលពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ កម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ១.២.៣ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ឬវិស្វករ ឬបរិញ្ញាបត្រ។ វិទ្យាស្ថានពហុបច្ចេកទេស គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេស វិជ្ជាជីវៈដែលជាតម្រូវការចាំបាច់ទាំងវិស័យសាធារណៈ និងវិស័យឯកជន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជួយកសាងសាលារៀនជាច្រើន ក្នុងនោះក៏មានវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខេត្ត ពិសេសការបង្ខិតសាលាឱ្យទៅជិតកូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានសំដៅកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាងជនបទ និងទីក្រុង។ ពន្លឿនការបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក កាត់បន្ថយការបារម្មរបស់អ្នកវិនិយោគិនពីខាងក្រៅ ដែលពួកគេបារម្មអំពីបញ្ហាធនធានមនុស្សរបស់កម្ពុជានៅមានកម្រិត ពិសេសនៅពេលដែលកម្ពុជាកំពុងឆ្លើយតបទៅនឹងចរន្តសេដ្ឋកិច្ច ឌីជីថលនាពេលបច្ចុប្បន្ន និងពេលអនាគត។
ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់សិស្ស-និស្សិតដែលបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្រនានេះ ត្រូវយកចំណេះដឹង ជំនាញបំណិនជីវិតយកទៅបម្រើការងារ ទោះបីការងាររដ្ឋ ឬការងារក្រុមហ៊ុនឯកជន ត្រូវមានការទទួលខុសត្រូវ ក្នុងតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីអភិវឌ្ឍខ្លួន និងជួយអភិវឌ្ឍដល់សង្គមជាតិ សិស្ស ត្រូវចូលរួមគោរពច្បាប់ចរចរណ៍ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាបំផ្លាញអ្វីៗទាំងអស់ដូចជា ខ្លួនយើង គ្រួសារ និងសង្គមជាតិ៕