Home / ព័ត៌មានទូទៅ / ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣

ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ និងឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគិតឡើងវិញសម្រាប់ភាពធន់ និងឌីជីថលនីយកម្ម
(Rethink Resilience and Digitalization)នៅសណ្ឋាគារឯករាជ្យ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ឯកឧត្តមឯកអគ្គរដ្ឋទូត លោក លោកស្រី តំណាងអង្គទូតពាក់ព័ន្ធ និងភ្ញៀវកិតិ្តយស។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូមស្វាគមន៍ចំពោះវត្តរបស់ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិអញ្ជើញចូលរួមក្នុងកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ លើទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុ បានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី» នាពេលនេះ។ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរណ៍បានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះរៀបចំនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា ជាពិសេសកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នាពេលនេះ និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលខេត្តព្រះសីហនុ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា ៣ប្រភេទ រួមមានកីឡាទូកក្កោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់ នាពេលខាងមុខ។ វេទិកាទេសចរណ៍មេគង្គក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថល នីយកម្ម (Rethink Resilience and Digitalization)” ពិតជាមានសារៈសំខាន់ ផ្តល់ឱកាសឱ្យវាគ្មិនជាតិ-អន្តរជាតិដែលមានចំណេះដឹង និងបទពិសោធន៍ល្អៗចូលរួមពិភាក្សាលើប្រធានបទមួយចំនួនដូចជា៖ ១.ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា ២.ការផ្តល់ភាពអង់អាចដល់ស្រ្តី ក្នុងវិស័យទេសចរណ៍ ៣.ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេស ចរណ៍ជាផ្នែកមួយសំខាន់ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ ឆ្លើយតបទៅនឹងតម្រូវការ និងនវានុវត្តន៍ជាក់ស្តែងក្នុងវិស័យទេសចរណ៍ នាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្វាគមន៍វត្តមានរបស់គណៈប្រតិភូ និងភ្ញៀវកិត្តិយសមកពីប្រទេសចំនួន ១៩ មកកាន់វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានអះអាងថា នេះជាលើកទី៣ ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍មេគង្គនេះ។ វេទិកានេះគឺជាវេទិកាកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយមួយរបស់ GMS រវាងរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ វិទ្យាស្ថាន អ្នកជំនាញ អាជ្ញាធរពាក់ព័ន្ធ អ្នកពាក់ព័ន្ធវិស័យឯកជន និងសាធារណៈក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីពិភាក្សា និងចែករំលែកការអនុវត្តល្អៗ បទពិសោធន៍ ស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍន៍ទេសចរណ៍ ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ GMS ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្ថែមទៀតថា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញ ឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមប្រធានបទ «គ្រប់ថ្ងៃ គឺជាអច្ឆរិយៈភាព៖ លើសពីនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៦៤ឆ្នាំ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព»។ ក្នុងនោះដែរលោកក៏បានអញ្ជើញ លោក លោកស្រី ចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ខណៈពេលនេះយើងនៅសល់ពេល៩ថ្ងៃទៀតពីពិធីបើក។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានស្នើឱ្យប្រទេសសមាជិក GMS ទាំងអស់បន្តអនុវត្តយ៉ាងសកម្មនូវផែនការ និងសកម្មភាពអាទិភាពដែលមានស្រាប់ដូចជា៖ យុទ្ធសាស្ត្រទេសចរណ៍មេគង្គ ២០១៦-២០២៥ បង្កើនការចូលរួមសកម្មភាពភាពជាដៃគូសាធារណៈ និងឯកជន។ ជំរុញការទំនាក់ទំនង និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា «ប្រទេសចំនួនប្រាំមួយ ទិសដៅតែមួយ (Six countries, One distination)» តាមរយៈការអនុវត្តផែនការទំនាក់ទំនងការស្តារទេសចរណ៍ GMS (GMS Tourism Recovery Communication Plan) និងសកម្មភាពផ្សព្វផ្សាយរួមគ្នា ដើម្បីគាំទ្រដល់ការស្តារទេសចរណ៍ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពក្នុងតំបន់មហាអនុតំបន់មេគង្គ។ ជម្រុញការអនុវត្ត GMS Tourism Recovery Toolkits ដើម្បីជួយដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់ GMS ដើម្បីកសាងឡើងវិញនូវវិស័យទែសចរណ៍របស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព បន្តសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការងើបឡើងវិញប្រកបដោយភាពធន់។ តាមរយៈការពិភាក្សានៅក្នុងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នេះ នឹងទទួលបានការយល់ដឹងបន្ថែម ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ចាំបាច់ ដើម្បីលើកកម្ពស់ និងជម្រុញការអភិវឌ្ឍទេសចរណ៍សម្រាប់តំបន់ GMS ទាំងមូលផងដែរ៕