រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយលោកអនុនាវីឯក Nakai Eiichi មេបញ្ជាការផ្នែកសម្អាតគ្រាប់ផ្ទុះ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននៅសាលាខេត្តព្រះសីហនុ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ការចូលចតរបស់នាវាស្វ័យ ការពារជើងទឹកជប៉ុននៅលើទឹកដី នៃខេត្តព្រះសីហនុ ជំរាបជូនពីសក្តានុពល និងវិទ្យាសាស្ត្រខេត្តព្រះសីហនុ មានឆ្នេរខ្សាច់សស្អាតប្រវែង ១៧៨ គីឡូម៉ែត្រ មានកោះតូចធំ ៣០ ថ្មប៉ប្រះទឹក២ មានកំពង់ផែសមុទ្រទឹកជ្រៅ មានព្រលានយន្តហោះអន្តរជាតិផ្លូវរត់ ៣ ៣០០ម៉ែត្រ មាន ផ្លូវល្បឿនលឿនតភ្ភាជាប់ពីរាជធានី មកកាន់ខេត្តព្រះសីហនុ មានផ្លូវរថភ្លើងមានរោងចក្រ សហគ្រាសតំបន់សេដ្ឋកិច្ចពិសេស ខេត្តមានតំបន់កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។
លោកអភិបាលរងខេត្តបានបន្តថា ឆ្នាំ២០២៣ នេះ គឺជាខួបទី៧០ឆ្នាំ នៃចំណងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន និងជាខួបលើកទី៣១ ដែលជប៉ុនបានបញ្ជូនកងរក្សាសន្តិសុខលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០២៣ នាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុនបានចូលចតនៅព្រះរាជាណាចក្រកម្ពុជាចំនួន ១៥លើក ស្មើនឹងចំនួន៣១នាវា។ ហើយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយមេបញ្ជាការនាវា និងនាវិករបស់នាវាស្វ័យការពារជើងទឹកជប៉ុននៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ សម្រាប់ខួបលើកទី ៣០ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់កម្ពុជាជាលើកដំបូងរបស់ប្រទេសជប៉ុន។ ហើយកម្ពុជាទទួលនាវាចូលចតជាច្រើន មានដូចជានាវាទេសចរណ៍ នាវាកងទ័ពជើងទឹកមានដូចជា ជប៉ុន អាមេរិក បារាំង អូស្ត្រាលី ឥណ្ឌា ប៉ាគីស្ថាន ថៃ វៀតណាម ។ល។ រាជរដ្ឋាភិបាលជប៉ុនបានជួយការងារមនុស្សធមដល់កម្ពុជា ក្នុងនោះបានជួយសាងសង់សាលារៀន មន្ទីរពេទ្យ និងអំណោយមនុស្សធម៌ជាច្រើនទៀតសម្រាប់ខេត្តព្រះសីហនុ។ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីកាន់តែស៊ីជម្រៅបន្ថែមទៀតនាពេលខាងមុខ ព្រមទាំងជូនពរដល់មេបញ្ជាការផ្នែកសម្អាតគ្រាប់ផ្ទុះ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន និងនាវិកជប៉ុនទាំងអស់ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុប្រកប ដោយសេចក្តីសុខសុវត្ថិភាពគ្រប់ៗគ្នា និងជូនពរបេសកកម្មរវិលត្រឡប់របស់នាវាស្វ័យការពារជើងទឹកជប៉ុនលើផ្ទៃសមុទ្រប្រកបដោយជោគជ័យបន្ថែមទៀត។
លោកអនុនាវីឯក Nakai Eiichi មេបញ្ជាការផ្នែកសម្អាតគ្រាប់ផ្ទុះ នៃកងកម្លាំងស្វ័យ ការពារជើងទឹកជប៉ុន បានអរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលការចូលចតនាវាស្វ័យការពារជើងទឹកជប៉ុននៅលើកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយក៏អរគុណការចូលរួមពិសារអាហារសាមគ្គីកាលពីថ្ងៃត្រង់របស់នាវាជប៉ុន ដែលបានចូលចតទាំងពីរគ្រឿង ដែលមាននាវិកប្រមាណ ១៨០នាក់ ក្នុងគោលបំណងសិក្សាស្រាវជ្រាវ និងបង្កើនទំនាក់ទំនងការទូតខួបទី៧០ឆ្នាំរវាងជប៉ុន និងកម្ពុជា។ ខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើននិងជាខេត្តទេសចរណ៍មួយរបស់កម្ពុជាផងដែរ គោលបំណងទស្សនកិច្ចរបស់នាយ នាយរង និងពលនាវិកជប៉ុនមានដូចជា ១.ពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតថែមទៀតរវាងជប៉ុន កម្ពុជា ២.កសាងជំនឿទុកចិត្តរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ៣.ឱ្យនាវិករបស់យើងបានស្វែងយល់ និងការឈប់សម្រាក។
លោកបានបន្តថា កាលពីម្សិលមិញនាវាស្វ័យការពារជើងទឹកជប៉ុនបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របពេលខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏ជាការចូលចតជាលើកទីពីរសម្រាប់ឆ្នាំ២០២៣នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ហើយនាវានឹងចាកចេញពីកំពង់ផែនៅថ្ងៃស្អែក ដូច្នេះយើងមានពេលមួយយប់ទៀតសម្រាប់ដំណើរកម្សាន្តនៅខេត្តព្រះសីហនុ ។