ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈណាក៏ដោយ វិស័យព័ត៌មាន ជាវិស័យដែលដើរតួនាទីយ៉ាងសំខាន់ ដោយបានផ្សារភ្ជាប់ទៅនឹងជីវភាពបងប្អូនប្រជាពលរដ្ឋ, ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតថភាពសង្គម ទាំងបញ្ហាប្រឈម និងការអភិវឌ្ឍន៍រីកចម្រើននានា។ ដូច្នេះ ទោះបីជាបច្ចុប្បន្ននេះ មន្ទីរព័ត៌មានខេត្តបាននឹងកំពុងអនុវត្តបានយ៉ាងល្អហើយក្តី យើងនៅតែទាមទារឱ្យមន្ត្រី បុគ្គលិក នៃមន្ទីរព័ត៌មានទាំងអស់ត្រូវបង្កើនសមត្ថភាព ចំណេះជំនាញបន្ថែម និងមិនត្រូវស្កប់ស្កល់នឹងសមិទ្ធិផលដែលសម្រេចបានឡើយ ពោលគឺត្រូវមានឆន្ទៈអភិវឌ្ឍសមត្ថភាពខ្លួន និងស្ថាប័នជាប្រចាំ។
ក្នុងនោះលោកអភិបាលរងបានធ្វើការក្រើនរំលឹកដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តត្រូវ មានវិន័យគោរពម៉ោងពេល, មានឯកសណ្ឋានសមរម្យ, បង្កើនសមត្ថភាពភាសា និងបច្ចេកទេស, មានឆន្ទៈស្នេហាជាតិ, មានក្រមសីលធម៌វិជ្ជាជីវ:, និងមិនមើលស្រាលការងារ។
លោកអភិបាលរងក៏បានរំលឹកថា រាល់ខ្លឹមសារដែលបានផ្សាយចេញទៅគឺបានបញ្ជ្រាបទៅដល់មហាជនគ្រប់វ័យ និងគ្រប់ទិសទី ដូច្នេះរាល់ខ្លឹមសារព័ត៌មានដែលបានផ្សាយចេញទៅ ចាំបាច់ត្រូវមានការយកចិត្តទុកដាក់ជាទីបំផុត។