ខេត្តព្រះសីហនុ៖ បន្ទាប់ពីបានទទួលរបាយការណ៍ពីលោក លោក សេង ណុង ប្រធានមន្ទីរពេទ្យ ថាមានស្ត្រីវ័យក្មេង
ម្នាក់ សម្រាលកូនដំបូងដោយការវះកាត់ បានកូនភ្លោះសុទ្ធតែប្រុសរហូតដល់ទៅបីនាក់ នៅមន្ទីរពេទ្យបង្អែកខេត្ត
ព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នេះរួចមក នៅវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃដដែលនេះ
ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ
ព្រមទាំងមន្រ្តីរាជការ បានអញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់នៅឯមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតនៅ
សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយបាននាំយកទៅឧបត្ថម្ភនូវថវិកា និងសំភារះមួយចំនួនទៅផ្តល់ជូនផងដែរ
ក្នុងនោះរួមមាន ថវិកាចំនួន ៥០ ម៉ឺនរៀល និងសំភារះសំរាប់ទារកចំនួន ៣ កំប្លេផងដែរ ។
តាមរបាយការណ៍របស់លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា ៖ ឪពុកកូន
ភ្លោះទាំង៣ មានឈ្មោះ ថា សាអ៊ីម អាយុ៣៣ឆ្នាំ ដែលមានស្រុកកំណើតនៅឃុំឈ្នួលមានជ័យ ស្រុកសេរីសោភ័ណ្ឌ
ខេត្តបន្ទាយមានជ័យ ចំណែកប្រពន្ធវិញឈ្មោះ ប្រាក់ កញ្ញា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិ១ សង្កាត់លេខ៣
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទាំង២នាក់ ប្តីប្រពន្ធ សុទ្ធតែបំរើ ការងារជា បុគ្គលិក នៅក្នុងហាង អ៊ីនវីតូដូចគ្នា។
ចំណែកឯកូនភ្លោះទាំងបី កូនទី១ ភេទប្រុស មានទំងន់ ១.៨០០ក្រាម ឈ្មោះ សេក ខេមរៈ និងកូនទី២ ភេទប្រុស
មានទំងន់ ១.៩០០ក្រាម ឈ្មោះ សេក ខេមរា និងកូនទី៣ មានទំងន់ ២.០០០ ក្រាម ឈ្មោះ សេក ខេមរិន។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជាម ហុីម និងឯកឧត្តម យន្ត មីន ក៏បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបាន
វះកាត់ ស្ត្រីមានផ្ទៃពោះប្រកបដោយជោគជ័យដោយឧបត្ថម្ភថវិកាចំនួន ៤០មុឺនរៀល និងជូនថវិកាដល់ស្ត្រីសំរាលកូន
ដោយវះកាត់ពីរ២នាក់ផ្សេងទៀត និងអ្នកជំងឺក្រីក្រ១នាក់ដោយម្នាក់ៗទទួលបានថវិកាចំនួន៤០.០០០រៀល៕ OSR
ទស្សនាសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត៖
https://www.facebook.com/preahsihanoukprovincialadministration/videos/1673999962890092/