នាល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងអ្នកវិនិយោគជនជាតិចិន បានអញ្ជើញទស្សនាកម្សាន្ត ការលេងល្បែងប្រជាប្រិយ នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រកបដោយបរិយាកាសសប្បាយរីករាយ។
ទន្ទឹមនឹងការជំរុញអោយមានការរាំកម្សាន្ត និងលេងល្បែងប្រជាប្រិយខ្មែរអោយបានទូលំទូលាយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីសំណាក់ឯកឧត្តមអភិបាលខេត្ត គណៈកម្មាការវត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានរៀបចំអោយមានការលេង ល្បែងប្រជាប្រិយផ្សេងៗដូចជា ចោលឈូង លោតបាវ ឡើងសសរខ្លាញ់ វាយក្អម រាំដណ្តើមកៅអី និងល្បែងប្រជាប្រិយផ្សេងៗទៀត ។