នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងអ្នកវិនិយោគជនជាតិចិន បានអញ្ជើញចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយនៅវត្តពោធិមានជ័យ (វត្តស្ទឹងហាវ) ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងអ្នកវិនិយោគចិនបានចូលរួមលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ វាយក្អម និងទាត់សីជាដើម ក្រៅពីនេះ រដ្ឋបាលស្រុក ជាមួយនឹងគណៈកម្មាការវត្តក៏បានរៀបចំអោយមានការលេង ល្បែងប្រជាប្រិយផ្សេងៗទៀត និងការរាំលេងកំសាន្តផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍អោយដឹងថា រដ្ឋបាលខេត្តព្រះសីហនុ បានជំរុញអោយមានការរាំកម្សាន្ត និងលេងល្បែងប្រជាប្រិយខ្មែរអោយបានទូលំទូលាយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបង្កើតភាពសប្បាយរីករាយ ក៏ដូចជាដើម្បីបង្ហាញអំពីល្បែងប្រជាប្រិយរបស់ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះភ្ញៀវ និងសប្បុរសជន អ្នកវិនិយោគបរទេសទាំងអស់បានឃើញពីស្ថានភាពជាក់ស្តែងថាប្រទេសកម្ពុជាយើងមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា និងមានការជួបជុំគ្នាដោយក្នុងថ្ងៃចូលឆ្នាំថ្មី ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។