Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បាននាំអ្នកវិនិយោគគិនចិនក្នុងខេត្តព្រះសីហនុ អញ្ជើញទៅទស្សនា និងចូលរួមកម្មវិធីលេងល្បែងប្រជាប្រិយនៅតាមបណ្តាវត្តនានានៅក្នុងស្រុកព្រៃនប់

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បាននាំអ្នកវិនិយោគគិនចិនក្នុងខេត្តព្រះសីហនុ អញ្ជើញទៅទស្សនា និងចូលរួមកម្មវិធីលេងល្បែងប្រជាប្រិយនៅតាមបណ្តាវត្តនានានៅក្នុងស្រុកព្រៃនប់

កាលពីរសៀលថ្ងៃសុក្រ ៩រោច ខែចេត្រឆ្នាំថោះ ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បាននាំអ្នកវិនិយោគគិនចិនក្នុងខេត្តព្រះសីហនុ អញ្ជើញទៅទស្សនា និងចូលរួមកម្មវិធីលេងល្បែងប្រជាប្រិយនៅតាមបណ្តាវត្តនានានៅក្នុងស្រុកព្រៃនប់ ពិសេសវត្តអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះទៅទស្សនា និងចូលរួមលេងល្បែងកំសាន្តនៅតាមវត្តក្នុងស្រុកព្រៃនប់ ពិសេសវត្តអូរចំណារ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ និងអ្នកវិនិយោគគិនចិនបានទស្សនារបាំគ្រុឌ របាំជូនពរ និងចូលរួមលេងល្បែងទាញព្រាត់ និងកម្មវិធីរាំលេងកម្សាន្ត ដើម្បីបង្កើតភាពសប្បាយរីករាយនៅតាមវត្តអារាមនានាក្នុងខេត្តព្រះសីហនុ ព្រមទាំងបានបង្ហាញអំពីល្បែងប្រជាប្រិយរបស់ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះភ្ញៀវ និងសប្បុរសជន អ្នកវិនិយោគក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ឈានចូលបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ខាងមុខ។
ការបង្កើតល្បែងប្រជាប្រិយនៅតាមវត្តអារាមនានាក្នុងខេត្តព្រះសីហនុនាពេលនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទន្ទឹមនឹងកត្តាសុខសន្តិភាពប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ ពិសេសខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ និងកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប្រសិទ្ធិនាមជា “ តារារះនាទិសនិរតី “ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមរម្លឹកថា នៅខេត្តព្រះសីហនុ មានវត្តសរុបចំនួន ៤០វត្ត ហើយនៅ ពេលកន្លងមកនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភសម្ភារៈ មានដូចជា ក្អម អង្គញ់ បាវក្រចៅ ប៉ិគក់ ខ្សែពួរ និងថវិកា ដើម្បីឱ្យវត្តនីមួយៗយកទៅបង្កើតកម្មវិធីសប្បាយ ដោយបង្កើតល្បែងប្រជាប្រិយជូនបងប្អូនប្រជាពលរដ្ឋ និងណែនាំឱ្យស្រាវជ្រាវយកល្បែងដែលយើងបាត់បង់ យកមកលេងកម្សាន្តឱ្យបានផុលផុស៕