រសៀលថ្ងៃអាទិត្យ ៤រោជ ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយគ្រួសារសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា និងចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធសាខាខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានសមាជិកសមាគមចូលរួមចំនួនជាង ៣០០នាក់។
លោក ង៉ែត សំណាង ប្រធានសមាគមរួមគ្នារួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា និងចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធសាខាខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់សមាគមបានចូលរួមធ្វើសកម្មភាពការងារសង្គមក្នុងក្រុងព្រះសីហនុមានដូចជា ការចូលរួមសំអាតបរិស្ថានក្នុងក្រុងព្រះសីហនុបានចំនួន ១៧ដង បានចូលរួមថវិកាជូនសមាជិកដែលទទួលមរណភាព សមាជិកស្រ្តីសម្រាលកូន និងបងប្អូនគ្រោះ ថ្នាក់ចរាចរណ៍ សមាគមមានសមាជិកជាង ១,០០០នាក់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមបានចូលរួមការងារសង្គមក្នុងក្រុងព្រះសីហនុ យើងបានសង្កេតឃើញអំពីសកម្មភាពរបស់សមាគមធ្វើយ៉ាងច្រើនមានដូចជា បញ្ហាអនាម័យ បរិស្ថាន និងសួសុខទុកបងប្អូនសមាជិកនាពេលកន្លងមក ព្រមទាំងបានខិតខំប្រឹងប្រែងធ្វើការងារជាប់ជាប្រចាំ រួមសុខរួមទុកជាមួយអាជ្ញាធរ ការចូលរួមសម្អាតបរិស្ថានធ្វើឱ្យស្ថានភាពទីក្រុងរបស់យើងមិនល្អអត់ឥតខ្សោះនោះទេ កន្លងមកទីក្រុងរបស់យើងត្រូវបានគេរិះគន់ពីអនាម័យ បរិស្ថាន ដោយសារមានការចូលរួមរបស់បងប្អូនក្នុងការចូលរួមការងារសង្គមជាច្រើន ហើយអ្នកបង្កើតសម្រាមមានការយល់ដឹង បានចូលរួមវេចខ្ចប់សម្រាម ធ្វើឱ្យទីក្រុងរបស់យើងមានសណ្តាប់ធ្នាប់កាន់តែល្អប្រសើរឡើង ទន្ទឹមនោះក្រុងយើងត្រូវមានសុវត្ថិភាព បរិស្ថានល្អ និងសេវាល្អ ទាមទាឪ្យយើងមានការអប់រំផ្សព្វផ្សាយ អប់រំដល់សមាជិកឱ្យទីក្រុងរបស់យើងស្អាត បងប្អូនជាអ្នកប្រមាញ់ទីក្រុង ព្រោះបងប្អូនមានផលរបរនៅតាមដងផ្លូវ សំខាន់រឿងសន្តិសុខ ស្នើសុំជួយគ្នាដើម្បីទីក្រុងរបស់យើងមានសណ្តាប់ធ្នាប់ សុវត្ថិភាព។ និងសុំឱ្យបងប្អូនរបស់យើងជួយផ្តល់ព័ត៌មានពីសកម្មភាពមិនប្រក្រតីមកដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្នុងនាមបងប្អូនជាអ្នកប្រមាញ់ទីក្រុង។ បងប្អូនត្រូវជួយផ្តល់ព័ត៌មានករណីមានក្រុមចោលួច ឆក់ ពិសេសក្រុមលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណៈក្នុងក្រុងព្រះសីហនុ យើងរួមគ្នាបង្ការ ទប់ស្កាត់ ដើម្បីឱ្យក្រុងរបស់យើងមានភ្លើងបំភ្លឺផ្លូវដែលជាប្រយោជនសាធារណរបស់យើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ យើងត្រូវចេះស្រឡាញ់គ្នា ចេះជួយគ្នាក្នុងពេលមានគ្រាអាសន្ន។
ឯកឧត្តម អភិបាលខេត្តបានបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ សុំបងប្អូនចូលរួមជាមួយអាជ្ញាធរ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំតុបតែងផ្ទះសំបែងលើកកម្ពស់សោភ័ណភាពទទួលទេវតាឆ្នាំថ្មី ព្រោះទីក្រុងរបស់យើង ជាទីក្រុងទាក់ទាញភ្ញៀវទេសចរ។ ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសបើកកិច្ចប្រជុំមេគង្គ ដូច្នេះយើងត្រូវចេះញញឹមរាក់ទាក់ បង្កើតវប្បធម៌ការទាក់ទាញរីករាយសម្រាប់ភ្ញៀវជាតិ អន្តរជាតិ ត្រូវមានគុណធម៌តាមរយៈការផ្តល់សេវាដឹកជញ្ជូនគ្រប់ប្រភេទ។ ខេត្តព្រះសីហនុត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម ៣ប្រភេ មានដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់ ដែលជាគោលដៅទេសចរទាក់ទាញ និងក៏ជាឱកាសដល់បងប្អូនក្នុងសហគមរកប្រាក់ចំណូលបង្កើនជីវភាពគ្រួសារ ទន្ទឹមនោះបងប្អូនត្រូវត្រៀមរៀបចំឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការធានាសុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីឱ្យសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា និងចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធសាខាខេត្តព្រះសីហនុ យកទៅប្រើប្រាស់ក្នុងការជួយសម្រួលជីវភាពខ្វះខាតរបស់សមាជិកក្នុងសមាគម។