នារសៀលថ្ងៃសៅរ៍ ៣រោជ ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធសាលពិព័រណ៍គម្រោង Platinum Coast ផ្ទាំងផ្សព្វផ្សាយ 3D និងទឹករាំជាមួយភ្លើងចំរុះទី១ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក និងភ្ញៀវកិត្តិសយជាច្រើនរូបទៀត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរសម្ពោធសាលពិព័រណ៍គម្រោង Platinum Coast ផ្ទាំងផ្សព្វផ្សាយ 3D និងទឹករាំជាមួយភ្លើងចំរុះទី១ នៅប្រទេសកម្ពុជា នៃខេត្តព្រះសីហនុ ឱ្យគម្រោងទទួលបានជោគជ័យ និងមានការគាំទ្រពីអតិថិជនកាន់តែច្រើន គឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះពិតជាបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុ មានសក្តានុពលដ៏លេចធ្លោជាមួយនឹងសន្ទុះ នៃការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាពវិនិយោគជាតិ និងអន្តរជាតិ បច្ចុប្បន្នខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងប្រសិទ្ធនាមជា “តារារះនាទិសនិរតី” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំ ចំនួន២២១ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ទីតាំង ដែលមាន០៤ទីតាំង កំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខនេះខេត្តព្រះសីហនុ សង្ឃឹមថានឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ ធ្វើពាណិជ្ជកម្ម និងការធ្វើទេសចរណ៍នៅខេត្តព្រះសីហនុកាន់តែច្រើននាពេលខាងមុខ។
លោកនាយកប្រតិបត្តិគម្រោង Platinum Coast បានបញ្ជាក់ថា Platinum Coast ជាគម្រោងរមណីយដ្ឋានប្រណិតជាប់លំដាប់ពិភពលោក ត្រូវបានសាងសង់នៅក្នុងទីក្រុងទេសចរណ៍ វប្បធម៌ Sihanoukville New City of LIXIN មានទំហំដី ២,៥០០ហិកតា និងបង្កើតឡើងររវាងក្រុមហ៊ុន LIXIN Group និង Honchen Group។ គម្រោងនេះហ៊ុំព័ទ្ធដោយធនធានធម្មជាតិមានទីតាំងជាប់នឹងភ្នំ បែរមុខទៅរកសមុទ្រ ហើយក៏ជាតំបន់ឆ្នេរសមុទ្រដំបូងគេនៃទីក្រុង Sihanoukville New City of LIXIN ជាមួយនឹងការបញ្ចប់ជាបន្តបន្ទាប់នៃគម្រោងធំៗមិនត្រឹមតែជាមជ្ឈមណ្ឌលទីក្រុងថ្មីសំខាន់របស់ក្រុងព្រះសីហនុនាពេលអនាគត ហើយទីនេះក៏ជាគោលដៅទេសចរណ៍វប្បធម៌អេកូឡូស៊ីសកលលោក ដែលទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍នៃគម្រោង ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ ការបើកដំណើរការផ្លូវល្បឿនលឿនគួបផ្សំជាមួយនឹងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំនេះ ទីក្រុងព្រះសីហនុបានផ្លាស់ប្តូរូបរាងថ្មី ខ្ញុំជឿជាក់ថា ក្រុងព្រះសីហនុមានឆ្នេរសមុទ្រស្រស់ស្អាតបំផុតក្នុងប្រទេសកម្ពុជា និងឈានទៅរកការរីកចំរើនកាន់តែខ្លាំងក្នុងវិស័យទេសចរណ៍ និងវិស័យដទៃទៀត។