Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក ឡេ តាន់ កាន (Le Tan Can) អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ ចូលជួបពិភាក្សាការងារ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក ឡេ តាន់ កាន (Le Tan Can) អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ ចូលជួបពិភាក្សាការងារ

រសៀលថ្ងៃព្រហស្បត្តិ៍ ១រោជ ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក ឡេ តាន់ កាន (Le Tan Can) អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ ចូលជួបពិភាក្សាការងារ និងជូនពររដ្ឋបាលខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ។

លោក ឡេ តាន់កាន (Le Tan Can) អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការប្រជាជនខេត្តបាកលីវបានថ្លែងអំណរគុណ និងជម្រាបជូនពីគោលបំណងជូនឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតិឱ្យរូបលោក និងគណៈប្រតិភូខេត្តបាក់លីវ ចូលជួបសម្តែងការគួរសម និងជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ មានសុខភាពល្អ និងរួមគ្នាធ្វើការអភិវឌ្ឍខេត្តព្រះសីហនុកាន់តែមានការរីកចម្រើនបន្ថែមទៀត ដែលសាកសមជាខេត្តទេសចរណ៍ វិនិយោគ។
លោក ឡេ តាន់កាន (Le Tan Can) បានបន្តថា ខេត្តបាក់លីវ និងខេត្តព្រះសីហនុ កាន់តែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាពកាន់តែល្អ ពិសេសក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស ពិសេសការការការពារដែនទឹក នៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អគ្រប់ជ្រង់ជ្រោយ ម្យ៉ាងទៀតខេត្តទាំងពីរបានធ្វើការចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីបង្ការ ទប់ស្កាត់នូវរាល់បទល្មើសលើដែនសមុទ្រ នៃប្រទេសទាំងពីរ បង្កើនទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ត្រូវបានដំឡើងទៅជា «ទំនាក់ទំនងមិត្តភាព ជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំយូរអង្វែង និងគ្រប់វិស័យ» រីឯថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរតែងតែធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក ដើម្បីរឹតបន្តឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើបន្ថែមទៀត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនគណៈប្រតិភូខេត្តបាក់លីវថា ខេត្តព្រះសីហនុ និងខេត្តបាក់លីវបានបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាពកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ និងបានចុះហត្ថលេខាដោយឯកឧត្តម ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វ៉ូ វ៉ាន់ ឌួង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ។ កាលពីមុននៃការរីករាលដាលជំងឺកូវីដ-១៩ ភាគីនៃប្រទេសទាំងពីរបានដឹកនាំគណៈប្រតិភូទៅសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរៀងៗខ្លួនជារៀងរាល់ឆ្នាំ ហើយកាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ទៅជូនពរថ្នាក់ដឹកនាំខេត្តបាកលីវ ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រណីជាតិវៀតណាម។
ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនបន្តទៀតថា កម្ពុជា និងវៀតណាមបានបង្កើតចំណងការទូតនឹងគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ នៅឆ្នាំ២០២៣នេះ គឺជាឆ្នាំរំឮកខួបអនុ ស្សាវរីយ៍លើកទី៥៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយទំនាក់ទំនងនៃប្រទេសទាំងពីកាន់តែមានភាពស្និតស្នាល និងជាប្រទេសជិតខាងគ្នា ត្រូវបានបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ទាប់ ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាង២ឆ្នាំ កម្ពុជា និងវៀតណាមតែងតែបានជួយគ្នាទៅវិញទៅមកទាំងជំនួយជាថវិកា បច្ចេកទេស និងសម្ភារបរិក្ខារវេជ្ជសាស្រ្តជាដើម។