រសៀលថ្ងៃពុធ ១៥កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី ស្ថិតនៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ បានស្វាគមន៍ និងរាយការជូន គណៈប្រតិភូខេត្តព្រះសីហនុ ពីសកម្មភាពការងាររបស់កងពលតូចអន្តរាគមន៍លេខ៤ តាងនាមឱ្យនាយ នាយរង ពលទាហានកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ ព្រមទាំងបានជំរាបជូនអំពីរចនាសម្ព័ន្ធចាត់តាំងរួមមាន ៩ការិយាល័យ និង៧ ផ្នែកជំនាញ ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤។ ៧កងអនុសេនាធំ និង២កងអនុសេនាតូចជំនាញ ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ ។ ៤វរសេនាតូចអន្ត រាគមន៍ (វរសេនាតូចអន្តរាគមន៍លេខ២៤១, លេខ២៤២, លេខ២៤៣, និងលេខ២៤៤) ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានកងពលតូចអន្តរាគមន៍លេខ៤ បានបេជ្ញាប្រកាន់ខ្ជាប់នូវតួនាទី ភារកិច្ចជាកងយោធពលខេមរភូមិន្ទស្មោះត្រង់ ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ការពារព្រះមហាក្សត្យ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពដ៏រុងរឿង។
ក្នុងឱកាសនោះ លោកមេបញ្ជាការ ក៏បានធ្វើការសំណូមពរស្នើសុំអគារ ២ខ្នង មានទំហំ ៨x៣២ម៉ែត្រ ស័ង្កសីចំនួន ៣.០០០សន្លឹក ស៊ីម៉ង់ ៥០តោន ប្រេងម៉ាហ្សូត ៥.០០០លីត្រ ដែក ១២លី ចំនួន ៣តោន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងពលតូចអន្តរាគមន៍លេខ៤ បានខិតខំបំពេញការងារ ភារកិច្ចការពារជាតិ មាតុភូមិ និងការកសាងបន្ទាយ។ ហើយថ្ងៃនេះគណៈប្រតិភូខេត្តព្រះសីហនុ ក៏បានមកម្តងទៀត ដើម្បីសួរសុខទុក្ខរវាងខេត្តព្រះសីហនុ និងកងពលតូចអន្តរាគមន៍លេខ៤ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ហើយនេះជារដូវកាលដែលបងប្អូនកងទ័ពជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។ ក្នុងដំណាក់កាលប្រទេសជាតិមានសុខសន្តិភាព មន្ត្រីរាជការ ប្រជាពលរដ្ឋជួបជុំគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ប៉ុន្តែបងប្អូនកងទ័ពនៅតែប្រុងជើងការក្នុងការការពារបូរណភាពទឹកដីនៅតាមចំណុចគោលដៅ។ ពិតណាស់ថា បងប្អូនកងទ័ពមានភារកិច្ចការពាបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ។ ភារកិច្ចស្នូលរបស់បងប្អូនកងទ័ពក្នុងការពារទឹកដីក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយខ្ញុំជឿជាក់ថា បងប្អូន និងបន្តគាំទ្របោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលពី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា តាមរបាយការណ៍របស់លោកមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ បានកសាងនូវសមិទ្ធផលនានានៅទីនេះជាច្រើន ហើយផ្ទះបងប្អូនភាគច្រើនបានរៀបចំកែលម្អ ប្រែក្លាយការអភិវឌ្ឍបង្កើនជីវភាពគ្រួសារដោយធ្វើការដាំដុះ និងបង្កើតមុខរបរផ្សេងៗជាច្រើនទៀត។ ក្រៅពីភារកិច្ចហ្វិកហាត់ការពាទឹកដី ក៏មានពេលវេលាសម្រាប់បង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារកាន់តែល្អប្រសើរបន្ថែមទៀត។ កម្ពុជាមានសុខសន្ថិភាព ផ្តល់ឱកាសឱ្យបងប្អូនធ្វើការដាំដុះបង្កើនកំណើនសេដ្ឋកិច្ចជាតិរបស់យើងកាន់តែរីកធំធាត់ សង្ឃឹមថា នៅពេលខាងមុខសមិទ្ធផលរបស់កងពលតូចអន្តរាគមន៍លេខ៤ និងមានការរីកចម្រើនបន្ថែមទៀតជាក់ជាមិនខាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏ទទួលយកសំណូមពររបស់មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ ស្នើសុំអគារស្នាក់នៅ ២ខ្នង ស័ង្កសី ស៊ីម៉ង់ ប្រេងម៉ាហ្សូត ដែក ១២លី តាមការស្នើសុំខាងលើ។
ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិតមានដូចជា ត្រីងៀត ២០០គីឡូក្រាម ត្រីប្រា ៥០គីឡូក្រាម ប្រហុក ១០០គីឡូក្រាម ផ្អក ១០០គីឡូក្រាម ត្រីឆ្អើរ ៣០០គីឡូក្រាម ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ទឹកក្រូច ១០០កេស ទឹកផ្លែឈើ ១០០កេស ស្រាបបៀ ៥០០កេស ត្រីចំហ៊ុយ ១២០ជ្រាល ស្មើនឹង ៦០០គីឡូក្រាម ឱសថ និងបរិក្ខារពេទ្យចំនួន ២៣មុខ Rapid Test ៣កេស ជូនកងទ័ពប្រចាំការសរុប ១.២៥០នាក់ ម្នាក់ ១០ម៉ឺនរៀល ជូនគ្រួសារកងទ័ព ១៧០នាក់ ម្នាក់ ៥ម៉ឺនរៀល ជូនលោកគ្រូ អ្នកគ្រូ ៧នាក់ ម្នាក់ ២០ម៉ឺនរៀល សិស្សានុសិស្ស ២៣៥នាក់ ម្នាក់សៀវភៅ ៥ក្បាល ប៊ិច ៦ដើម និងថវិកា ១ម៉ឺនរៀល ជូនត្រែទ័ព ១លានរៀល។