ព្រឹកថ្ងៃអង្គារ ១៤កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសាឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវខេត្តលេខ១៤៩ ដោយចាក់ក្រាលដីល្បាយថ្មប្រវែង ៧ ០០០ម៉ែត្រ ទទឹង ៩ម៉ែត្រ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុកព្រៃនប់ មេឃុំ និងប្រជាពលរដ្ឋ។
លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សាងសង់ជួសជុលផ្លូវខេត្តលេខ១៤៩ មានប្រវែង ៥៥,៥៩គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ១៣៣+៦០០ បញ្ចប់ចំណុចប្រសព្វផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រ ១៩៥+៤៨០ គម្រោងជួសជុលកំណាត់ផ្លូវលេខ១៤៩ ស្ថិតនៅកំណាត់ផ្លូវចុងចន្លោះគីឡូម៉ែត្រ ៤៨+៥៩០ ដល់ គីឡូម៉ែត្រ ៥៥+៥៩០ ជួសជុលពង្រីកចាក់ក្រាលដីល្បាយថ្មប្រវែង ៧ ០០០ម៉ែត្រ ទទឹង ៩ម៉ែត្រស្ថាបនាស្ពានបេតុង១កន្លែង ប្រវែង ១២ម៉ែត្រ ទទឹង ១០ម៉ែត្រ ដាក់លូមូលភ្លោះកាត់ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង១២ម៉ែត្រ ចំនួន៥កន្លែង និងលូមូលទោលកាត់ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង១២ម៉ែត្រ ចំនួន៦កន្លែង ស្ថិតនៅឃុំសាមគ្គី ស្រុកព្រៃនប់ ឆ្លងកាត់ ២ភូមិ គឺភូមិបឹងរាំង និងភូមិព្រៃក្រាញ់ ប្រជាពលរដ្ឋអាស្រ័យផលលើកំណាត់ផ្លូវ ៥៦៥គ្រួសារ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចូលរួមបើកការដ្ឋានជួសជុលផ្លូវខេត្តលេខ១៤៩ ទោះបីការជួសជុលផ្លូវនេះមានការលំបាកបន្តិច ក៏ប៉ុន្តែវាល្អប្រសើរជាងអត់ នេះជាស្ថានភាពនៃការរៀបចំជួសជុលផ្លូវ មានលំដាប់លំដោយ ផ្លូវនេះពីមុនក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍជនបទ សម្រាប់ការដឹកជញ្ជូនកសិផល និងទំនាក់ទំនងផ្ទៃក្នុង ដោយសារប្រជាពលរដ្ឋរស់នៅកាន់តែច្រើន ការធ្វើចរាចរណ៍មានការចាំបាច់ ហើយរួមផ្សំនិងរចនាសម្ព័ន្ធខាងក្នុងបានកសាង និងតភ្ជាប់ ហើយផ្លូវនេះកាន់តែមានសក្តានុពលវាអាចតម្រូវការដឹកជញ្ជូនឆ្លងកាត់សាធារណនៅពេលខាងមុខ យើងត្រូវការលើកកម្ពស់វាបន្ថែមកែប្រែពីផ្លូវអភិវឌ្ឍជនបទ មកជាផ្លូវរបស់ខេត្តដែលត្រូវផ្ទេរសមត្ថកិច្ចការគ្រប់គ្រងរបស់អភិវឌ្ឍជនបទ មកក្រោមសាធារណការវិញ ដើម្បីយើងមានលទ្ធភាពក្នុងការលើកគម្រោង ធានាបំរើការដឹកជញ្ជូន។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ហេតុអ្វីបានជាផ្លូវជាតិលេខ៣យើងមិនធ្វើការជួសជុល មិនមែនយើងមិនបានគិតគូរនោះទេ ផ្លូវនេះកន្លងមកធ្លាប់មានការសាងសង់៣ដងរួមមកហើយ ទី១.សាធារណការ ២.ធ្វើដោយ ADB ៣.ចុងក្រោយធ្វើដោយក្រុមហ៊ុនចិន ដែលគេហៅថា ផ្លូវចិនយំ ព្រោះផ្លូវនេះធ្វើហើយខូចៗ ពេលនេះយើងមានការព្រួយបារម្មណ៍ខ្លាំង ដោយសារតែឡានធំបើកបរដឹកជញ្ជូនពី៥០ ទៅ៧០តោន មិនធានាការដឹកជញ្ជូនតភ្ជាប់មកខេត្តមាត់សមុទ្ររបស់យើង រាជរដ្ឋាភិបាលកំពុងធ្វើការគិតគូរ ព្រោះយើងបានធ្វើការសម្រេចចិត្តជាច្រើនដង ច្រើនសារវាជួបការលំបាក ចុងក្រោយយើងបានសិក្សាថាតើ យើងធ្វើផ្លូវបែបណាដើម្បីការប្រើប្រាស់បានយូរ ការសិក្សាបានបញ្ជាក់ថា ធ្វើស្ពានបានកប់ក្នុងដីខួងជារណ្តៅធ្វើជាស្ពានកប់ក្នុងដីប្រវែង ៥គីឡូម៉ែត្រ និង១៣គីឡូទៀតយើងពង្រឹងគ្រឹះតាមលក្ខណៈបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង ឆន្ទះរបស់រាជរដ្ឋាភិបាលនឹងកសាងផ្លូវនេះ ទីពីរយើងរកដៃគូពីចិនក្នុងការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសសម្រេចជោគជ័យ បានការព្រមព្រៀងសាងសង់ផ្លូវជាតិលេខ៣នេះ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ចូលរួមសហការគាំទ្រ ដើម្បីក្រុមការងាររបស់យើងធ្វើការជួសជុលលើកគុណភាពផ្លូវនេះដើម្បីប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ព្រមទាំងបាននាំយកកន្សែងជូនប្រជាពលរដ្ឋដែលបានចូលរួមម្នាក់១ផងដែរ។