Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចួលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចួលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ខេត្តព្រះសីហនុ

រសៀលថ្ងៃចន្ទ ១៣កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចួលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ខេត្តព្រះសីហនុ លើកទី១ នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រីក្រុមការងារចុះជួយខេត្តព្រះសីហនុ និងសាសនិកឥស្លាមចូលរួម ៤០០នាក់។

លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត និងជាប្រធានគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាខេត្តព្រះសីហនុមានប្រសាសន៍ស្វាគមន៍ថា ខេត្តព្រះសីហនុមានសាសនិកខ្មែរឥស្លាមរស់នៅមានដូចជា ស្រុកព្រៃនប់ ស្រុកកំពង់សិលា និងក្រុងព្រះសីហនុ លើ ០៩ឃុំ សង្កាត់ និង ១៧ភូមិ សរុប ៤១៥៥គ្រួសារ ស្មើនឹង ១៤.៧២៣នាក់ ស្រី ៧.៧៦៥នាក់។ មានវិហារឥស្លាមចំនួន ១៧ និងស៊ូរ៉ាវ ៤៦កន្លែង។ សាលារៀនឥស្លាម ចំនួន ២៣សាលា ស្មើនឹង ៤៣បន្ទប់ និងសាលារៀនឯកជនចំនួន ៧កន្លែង។ សិស្សឥស្លាមសរុបចំនួន ៧៣៩នាក់ ស្រី ៣៧៣នាក់ ក្នុងនោះមត្តេយ្យ ១៧ថ្នាក់ បឋម ១៨ថ្នាក់ កម្រិតអនុវិទ្យាល័យ ៣ថ្នាក់ និងវិទ្យាល័យ ២ថ្នាក់។ គ្រូបង្រៀនខ្មែរឥស្លាមក្របខណ្ឌរដ្ឋចំនួន ៣៧នាក់ ស្រី ១០នាក់ និងគ្រូបង្រៀនស្ម័គ្រចិត្តមិនមានក្របខណ្ឌរដ្ឋចំនួន ៥៧នាក់ ស្រី១៥នាក់។ មជ្ឈមណ្ឌលកុមារកំព្រា ៦កន្លែង ក្នុងខេត្តព្រះសីហនុ ថ្នាក់ដឹកនាំឥស្លាមកំពុងកាន់តួនាទីជាអភិបាលរងខេត្ត ០១រូប ជាអភិបាលរងស្រុកព្រៃនប់ ១រូប សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ ១រូប និងសមាជិកក្រុមប្រឹក្សាស្រុកកំពង់សីលា ១រូប។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរសំណេះសំណាល និងពិសារអាហារស្រាយ បួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាខេត្តព្រះសីហនុ ក្នុងគោលបំណងបង្កើនភាពជិតសិ្នទ្ធជាមួយព្រះជាម្ចាស់ និងមនុស្សជាទីស្រលាញ់ក្នុងសកម្មភាពសប្បុរសធម៌ ព្រមទាំងសម្តែងនូវការកោតសរសើរគណៈអ៉ីមុំាខេត្ត ក្រុង ស្រុក គណៈអ៉ីមុំាម៉ាស្ជិទ គ្រូបង្រៀនឥស្លាម និងបងប្អូនសាសនិកឥស្លាមទូទាំងខេត្ត តែងតែចូលរួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាបាននូវសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ក្នុងមូលដ្ឋាន ជាពិសេសចូលរួមអភិវឌ្ឍខេត្តព្រះសីហនុមានការរីកចម្រើន ហើយថ្មីៗនេះក្រុងព្រះសីហនុទើបតែទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមក្រុង-ខណ្ឌទាំង៧ ដែលទទួលបានជ័យលាភីទីក្រុងស្អាត ផ្ការំដួល ៣ទង និងចំណាត់ថ្នាក់លេខ ២ ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២ (Best Countdown City Of The Year 2022)។
ឯកឧត្តម អភិបាលខេត្តបានបន្តថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនាដោយគ្មានការរើសអើង ជាក់ស្តែងបើកទូលាយ ឱ្យបងប្អូនខ្មែរឥស្លាម តាមរយៈការអនុញ្ញាតឱ្យសិស្ស និស្សិតឥស្លាមស្លៀកសំលៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈជាដើម។ សម្តេចនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនោះរដ្ឋបាលខេត្តបានលើកកម្ពស់សេរីភាពជំនឿសាសនា នៃសុខដុមនីយកម្មជំនឿសាសនាដែលជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍ និងវិបុលភាពសេដ្ឋកិច្ចសង្គមនៅខេត្តព្រះសីហនុ។ គណៈអ៊ីមាំខេត្តត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ កៀរគរទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសំដៅដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាមតាមរយៈការអភិវឌ្ឍធនធានមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាមនៅក្នុងខេត្តព្រះសីហនុកាន់តែរីកចម្រើនបន្ថែមទៀត។