នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាសន៍ជំរឿនកសិកម្មខេត្តព្រះសីហនុ ឆ្នាំ២០២៣ នៅមន្ទីរផែនការ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដែលមានសិក្ខាកាម និងគ្រូឧទ្ទេសសរុបចំនួន៥២នាក់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលថ្នាក់ខេត្ត ស្ដីពីជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ដល់មន្ត្រីសម្របសម្រួលថ្នាក់ខេត្ត មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់ និងលើកទឹកចិត្តការខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរផែនការខេត្ត និងក្រុមលេខាធិការសម្រាប់អនុវត្តការងារជំរឿនកសិកម្មឆ្នាំ២០២៣។ ជំរឿនកសិកម្មត្រូវបានរៀបចំរៀងរាល់ ១០ឆ្នាំម្ដង។ គណៈកម្មាធិការជាតិជំរឿនកសិកម្មឆ្នាំ២០២៣ សម្រេចកំណត់កាលបរិច្ឆេទយោង នៃជំរឿនកសិកម្មចាប់ពីថ្ងៃទី១ ដល់ថ្ងៃ៣០ ខែមេសា ២០២៣ ដោយមានការសហការដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអង្គការ FAO។
ឯកឧត្តម អភិបាលខេត្តបានបន្តថា វគ្គបណ្តុះបណ្តាលមន្ត្រីជំរឿនកសិកម្មជាលើកទី២ ឆ្នាំ២០២៣ ជំរឿនកសិកម្ម ក្នុងគោលបំណងប្រមូល ទទួលបានទិន្នន័យ ស្តីពីប្រភេទទំហំ នៃអង្គភាពកសិកម្ម សហគ្រាស កសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ សម្រាប់រៀបចំគោលនយោបាយយុទ្ធសាស្ត្រផែនការសកម្មភាព និងគម្រោងនានា ជំរុញកិច្ចអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ សុខមាលភាពប្រជាពលរដ្ឋ និងការប្រែប្រួលអាកាសធាតុ ផ្តល់ទិន្នន័យកម្រិតតំបន់ មូលដ្ឋានឃុំ សង្កាត់ ដោយជ្រើសរើសមន្ត្រីជំរឿនខេត្តព្រះសីហនុ ហើយឃុំណាត្រូវការជ្រើសរើសផ្នែកវារីវប្បកម្ម និងឃុំណាត្រូវការផ្នែកក្សេតសាស្ត្រ ដើម្បីធ្វើការវាយតម្លៃជាការចាំបាច់ អ្នកដែលមានភារកិច្ចក្នុងការចុះធ្វើជំរឿនកសិកម្ម សូមយកចិត្តទុកដាក់ប្រមូលយកទិន្នន័យ ដើម្បីដាក់ចេញនូវគោលការមួយចំនួនសម្រាប់អនុវត្ត បើយើងដាក់គោលនយោបាយមិនត្រឹមត្រូវចំពោះផលិតផលរបស់ប្រជាកសិករដែលមិនមានទីផ្សារ។ ដើម្បីឈានទៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដូច្នេះយើងត្រូវមានឆន្ទះក្នុងការប្រមូល ព័ត៌មាន វាយតម្លៃគោលនយោបាយកសិកម្មឱ្យបានល្អប្រសើរ ដើម្បីរួមចំណែកកំណើនសេដ្ឋកិច្ចជាតិរបស់យើង ហើយការដាក់ចេញផែនការរួមគ្នាក្នុងបេសកកម្មបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិស័យកសិកម្មកម្ពុជា ប្រសិនបើមន្ត្រីរបស់យើងចុះប្រមូលព័ត៌មានត្រឹមត្រូវ វានឹងផ្តល់អត្ថប្រយោជន៍ដល់យើងទាំងអស់គ្នានាពេលខាងមុខ និងនាំមកនូវភាពរីកចម្រើន នៃការជំរឿនប្រមូលទិន្នន័យកសិកម្មរបស់ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ ឧបត្ថ្ថម្ភជូនសិក្ខាកាម និងគ្រូឧទ្ទេសសរុបចំនួន ៥២នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល។