រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ អញ្ជើញអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅសាលប្រជុំសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
លោក នង សុខុម អត្តលេខ១០៩៩ បច្ចុប្បន្នជាប្រធានសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគីរី ត្រូវបានផ្ទេភារកិច្ចឱ្យទៅបំពេញការងារជាប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
ឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តដែលជួយសហការគាំទ្រដល់សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនាពេលកន្លងមក សាខាគយកំពង់ផែអន្តរជាតិ ជាអង្គភាពមួយឈានមុខគេក្នុងការប្រមូលចំណូលដែលមានបណ្តាអង្គភាពចំនួន៤ ព្រមទាំងបានការលើកទឹកចិត្តក្នុងការប្រមូលពន្ធអាករបានច្រើនជាងគេ សាខាទាំង៤នេះ ប្រមូលចំណូលបានពី៧០ ទៅ៨០ភាគរយនៃចំណូលពន្ធគយក្នុងចំណោមសាខាគយ២៥រាជធានីខេត្ត។ សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាអង្កភាពមួយក្នុងចំណោមអង្គភាពទាំង៤ដែលឈានមុខ តែងតែចូលរួមក្នុងការប្រមូលចំណូលថវិកាជាតិបានច្រើនគេជាទីគាប់ចិត្ត ក្នុងការរួមចំណែកយ៉ាងធំធេងក្នុងការគៀគរប្រភពចំណូលពន្ធនៅក្នុងបណ្តាឆ្នាំកន្លងមក ក៏ដូចជាឆ្នាំបន្តបន្ទាប់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរពិធីផ្ទេរ និងតែងតាំងមុខតំណែងប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក នៃសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការដឹកនាំសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុទទួលបានលទ្ធផលល្អប្រសើរ។ ដូច្នេះលោកប្រធានថ្មី និងមន្ត្រីដែលបានតែងតាំងថ្មីត្រូវបន្តនិរន្តរភាពដឹកនាំសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខិតខំប្រមូលចំណូលពន្ធឱ្យទទួលបានជោគជ័យបន្ថែមទៀត និងសម្រេចបានសមិទ្ធផលថ្មីៗ ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីអនុវត្តតាមតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន បន្តអភិវឌ្ឍ និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ រដ្ឋបាលក្រុង-ស្រុក ឱ្យកាន់តែល្អប្រសើរប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់។ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង” និង “បង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ និងធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព។ -មន្រ្តីគឺជាអ្នកបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយនាយនោះទេ -ការបម្រើសេវារដ្ឋបាល គឺជាសូចនាករដ៏តម្លាភាពបំផុតក្នុងការវាយតម្លៃមន្រ្តី -រដ្ឋបាលមូលដ្ឋាន គឺក្តីរំពឹងអំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង។