ព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ៣០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំមជ្ឍមណ្ឌលសេដ្ឋាច័ន្ទ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បើកសន្និបាទថា រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ជាទីតាំងម្ចាស់ផ្ទះសម្រាប់រៀបចំព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗរួមមាន វេទិការទេសចរណ៍អាស៊ាន២០២២ ពិធីបដិមាភិសេកព្រះថោងនាងនាគទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់គួរជាទីមោទនដោយបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ពិសេសធានាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពនិងការការពារសន្តិសុខសម្រាប់វេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ ពីធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហា សន្និបាទក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ និងកិច្ចប្រជុំផ្សេងៗទៀតដែលរៀបចំនៅខេត្តព្រះសីហនុ បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពយ៉ាងល្អប្រសើរ ចូលរួមលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិថែមទៀតផង។ ជាមួយគ្នានេះគណ:បញ្ជាការឯកភាពខេត្ត បានបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គមតាមរយ:ការលើកកម្ពស់វិធានការជំនាញ ទន្ទឹមនេះការខិតខំជម្រុញឪ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលជាហេតុធ្វើឪ្យបទល្មើសព្រហ្មទណ្ឌថយចុះ ៣.១៧ភាគរយ បទល្មើសមជ្ឈឹមថយចុះ ១២ភាគរយ។ ទន្ទឹមនោះរាជរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្តនូវយុទ្ធនាការ ប្រតិបត្តិការគ្រម់ៗគ្នាដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធីការកិច្ចហត្ថពលកម្មបរទេស ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ ក្រុមក្មេងទំនើង តាមសហគមន៍រួមទាំងបទល្មើសផ្សេងៗទៀតក៏ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុសសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ ណែនាំដល់អង្គសន្និបាទបូកសរុបលទ្ធផល ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវបញ្ចេញមតិយោ បល់តាមក្រុមនិមួយៗឪ្យបានផុលផុស ដើម្បីចូលរួមពិភាក្សាឪ្យទូលំទូលាយក្បោះក្បាយរវាងក្រុមពិភាក្សីនិមួយៗ ដែលមានលោកអភិបាលរងខេត្តម្នាក់ជាអ្នកដឹកនាំក្រុម និងសុំលើកជាសំណើរ យោបល់ និងសំណូមពរ ហើយរដ្ឋបាលខេត្តនឹងទទួលយកសម្រាប់ទិសដៅនៃភាពជោគជ័យអនុវត្តការងាររបស់រដ្ឋបាលខេត្ត ពិសេសសមិទ្ធផលដែលយើងអនុវត្តបាននាពេលកន្លងមក និងប្រមូលធាតុចូល ដើម្បីធ្វើការកែលម្អដឹកនាំឆ្នាំខាងមុខប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។
សូមបញ្ជាក់ថា សន្និបាតរបស់រដ្ឋបាលខេត្តព្រះសីហនុ យើងជ្រើសប្រធានបទចំនួន ៧ក្រុម ដើម្បីធ្វើការពិនិត្យ ពិភាក្សាគ្នា មានដូចជា៖១.ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
២.ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងការធ្វើអធិការកិច្ចហត្ថពលករបរទេស ៣.ការផ្តល់សេវារដ្ឋបាល ការដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ អង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ ៤.យន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ៥.យន្តការគាំទ្ររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ៦.ការគ្រប់គ្រងកាកសំណល់រឹង រាវ និងអនាម័យបរិស្ថាន និងទី៧.ការងារទេសចរណ៍ ដើម្បីធ្វើការពិភាក្សាតាមក្រុមនីមួយៗ។