នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាវាគ្មិន ក្នុងវេទិកា «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគសហគ្រិនកម្ពុជា-ចិន» ដែលបានរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដោយមានកិច្ចសហការពីសមាគម ហឺហឺហួយ (Hehehui) នៃសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារ អោកវូដ ព្រីមៀរ ភ្នំពេញ។
នៅក្នុងបាឋកថា អំពីកាលានុវត្តភាព នៃការធ្វើជំនួញ និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ លោកអភិបាលរងបានជម្រាបជូនអង្គពិធីទាំងមូល អំពីស្ថានភាពភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលអំណោយផលយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចរបស់ខេត្ត។ ជាមួយគ្នានេះ លោកបានពន្យល់យ៉ាងលំអិតអំពីសក្តានុពល និងការអភិវឌ្ឍខេត្ត ជាពិសេស អំពីផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ លោកអភិបាលរង បានទាញចំណាប់អារម្មណ៍វិនិយោគិនកម្ពុជា និងចិន ឱ្យពិចារណាលើការបណ្តាក់ទុននៅក្នុងវិស័យសំណង់នៅខេត្តព្រះសីហនុ ដែលពោរពេញទៅដោយសក្តានុពល និងលទ្ធភាពក្នុងការទទួលបានការលើកទឹកចិត្ត ពិសេសនានាពីរាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈបាឋកថានេះ វិនិយោគិនជាច្រើនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានចាត់ទុកខេត្តព្រះសីហនុជាគោលដៅវិនិយោគមួយនៅកម្ពុជា ដែលនេះជាសញ្ញាយ៉ាងវិជ្ជមានចំពោះសេដ្ឋកិច្ចកម្ពុជា និងខេត្តព្រះសីហនុ និយាយជារួម និងដោយឡែក។