នារសៀលថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគម HEHEHUI សាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនិងពាណិជកម្ម សេដ្ឋកិច្ច វិនិយោគ ការទូត និងវប្បធម៌ កម្ពុជា-ចិន នៅសណ្ឋាគារឯករាជ្យ។
ក្នុងឱកាសនោះលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថាខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរ មានធនធានធម្មជាតិ សក្តានុពលជាច្រើនរួមមានវិស័យសេដ្ឋកិច្ច វិស័យឧស្សាហកម្មពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។
បច្ចុប្បន្នខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្មឧស្សាហកម្ម រដ្ឋបាល ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ ជាដើម។
ស្របជាមួយគ្នានេះ តាមរយៈការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចជាតិ ឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាតបំផុតនៅលើសកលលោក សម្រាប់ការសំរាកលំហែកំសាន្ត មជ្ឍមណ្ឌលគាំទ្រផលិតកម្មបរិច្ចេកវិទ្យា និងការឆ្នៃប្រឌិត ច្រកទ្វារអន្តរជាតិ និងភស្តុភារជាតិ សម្រាប់តភ្ជាប់ទៅកាន់ទីផ្សារអាស៊ាននិងពិភពលោក ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចល្អ ជាមួយសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធសម្ភារៈប្រើប្រាស់ និងឱកាសការងារ។
លោកបានឱ្យដឹងបន្ថែមថានៅឆ្នាំ២០១០ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរទៅជា “ ទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”នៅឆ្នាំ២០១៩ ប្រទេសទាំងពីរក៏បានចាប់ផ្ដើមរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគវប្បធម៌និងទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
សម្រាប់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពអន្តរជាតិខេត្តព្រះសីហនុ បានបង្កើតសម្ព័ន្ធភាពខេត្ត-ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៅប្រទេសចិន បានចំនួន ១៧ ផងដែរ។
លោក អ៉ិន លីវពីង ប្រធានសមាគមហឺហឺហ៊ួយនៃសាធារណរដ្ឋប្រជាមានិតចិនបានដឹកនាំសហគ្រិន ៥១ សហគ្រាសទូទាំងប្រទេសចិនមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុរយៈពេលមួយថ្ងៃ។ ក្នុងគោលបំណងអង្កេតទីផ្សារពាក់ព័ន្ធនិងកំពង់ផែតំបន់សេដ្ឋកិច្ចពិសេសមណ្ឌលកម្សាន្តនិងទេសចរណ៍ក៏ដូចជាវិស័យសណ្ឋាគារ។ ក្រោយពីទស្សនាស្ពតស្ដីអំពីសក្កដានុពលរបស់ខេត្តព្រះសីហនុលោកបានលើកឡើងថាខេត្តព្រះសីហនុគឺមានការអភិវឌ្ឍរីកចម្រើននិងជាកន្លែងដែលអ្នកវិនិយោគចិនមានការចាប់អារម្មណ៍និងចូលមកបណ្ដាក់ទុនវិនិយោគ ក្នុងនោះក៏មានអ្នកវិនិយោគក្នុងសមាគមរបស់លោកមួយចំនួនបានចូលមកវិនិយោគរួចមកហើយដែរនាពេលកន្លងមក។
លោកក៏បានបន្ថែមថាខេត្តព្រះសីហនុក្នុងគោលការណ៍អនុវត្តផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ជាក់ស្ដែងផ្លូវល្បឿនលឿនពីភ្នំពេញមកខេត្តព្រះសីហនុបាននិងកំពុងឲ្យដំណើរការដែលជាការអភិវឌ្ឍន៍របស់ប្រទេសចិនទាំងនេះគឺជាការដកពិសោធន៍ដោយផ្ទាល់អំពីអត្ថប្រយោជន៍ដែលយើងបានលើកឡើងថាជោគវាសនារួមតែមួយរវាងប្រទេសចិនកម្ពុជាក្នុងការរឹតចំណងមិត្តភាពដែកថែប។
ហើយលោកសង្ឃឹមថារដ្ឋបាលខេត្តជួយជ្រោមជ្រែងលើកទឹកចិត្តដល់សហគ្រិននៃគណៈប្រតិភូដែលមានជំនឿលើរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្តដូចនេះសហគមន៍និងចូលរួមភិវឌ្ឍន៍ជាមួយរដ្ឋបាលខេត្តធ្វើយ៉ាងណាឲ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍធ្វើឱ្យខេត្តក្លាយទៅជាទីក្រុងទំនើបឆ្លាតដូចចក្ខុវិស័យរបស់រដ្ឋបាលខេត្តដែលបានអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ៕