ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលថ្នាក់ខេត្ត ស្តីពី ជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ ដល់ មន្រ្តីសម្របសម្រួលថ្នាក់ខេត្ត មន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ នៅមន្ទីរផែនការខេត្តព្រះសីហនុ។
លោកអភិបាលរងបានឆ្លៀតយកឱកាសនេះបង្ហាញអំពី អំណរសាទរ និងលើកទឹកចិត្តដល់កិច្ច ខិតខំប្រឹងប្រែង របស់លោកប្រធានមន្ទីរផែនការ និងក្រុមលេខាធិការដ្ឋាន សម្រាប់ការអនុវត្ត ការងារជំរឿនកសិកម្ម ឆ្នាំ២០២៣ ដែលបានខិតខំបំពេញភារកិច្ច និងរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ស្របទៅនឹងផែនការសកម្មភាព របស់គណៈកម្មាធិការជំរឿនជាតិ ក្នុងក្របខណ្ឌទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា ផ្អែកតាមច្បាប់ស្តីពី ស្ថិតិ ជំរឿនកសិកម្មនឹងត្រូវរៀបចំអនុវត្ត រៀងរាល់មួយទសវត្សរ៍ម្តង ក្រោមគោលបំណងសំខាន់ៗទាំង ៨ មានជាអាទិ៍៖
ដំណើរការជំរឿនកសិកម្ម មានគោលបំណងសំខាន់គឺ៖
១. ដើម្បីទទួលបានទិន្នន័យ ស្តីពីប្រភេទ និងទំហំ នៃអង្គភាពកសិកម្ម មានជាអាទិ៍ សហគ្រាស កសិដ្ឋានកសិកម្ម និងគ្រួសារប្រកបរបរកសិកម្មទាំងអស់នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា។
២. ដើម្បីចងក្រងសំណុំឯកសារជាតិ ស្តីពីសកម្មភាព វិស័យកសិកម្ម សម្រាប់ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងគម្រោងនានា ដើម្បីជំរុញកិច្ចអភិវឌ្ឍ វិស័យកសិកម្ម សេដ្ឋកិច្ច-សង្គមកិច្ច បរិស្ថាន វប្បធម៌ សុខុមាលភាពប្រជាជន និងការបំរែបំរួលអាកាសធាតុ។
៣. ទទួលបាននូវបញ្ជីអង្គភាពកសិកម្ម ដើម្បីធ្វើបច្ចុប្បន្នភាព នៃការរៀបចំបញ្ជីស្ថិតិអង្គភាពកសិកម្មនៅកម្ពុជា។
៤. ផ្តល់បញ្ជីអង្គភាពកសិកម្មគ្រប់ប្រភេទ (Sampling Frame) សម្រាប់ការជ្រើសរើសសំណាកគំរូធ្វើអង្កេតកសិកម្ម។
៥. ផ្តល់ទិន្នន័យកម្រិតតំបន់ មូលដ្ឋានឃុំ-សង្កាត់ និងសមភាពយ៉េនឌ័រក្នុងវិស័យកសិកម្មនៅកម្ពុជា ដោយផ្តល់ បច្ចុប្បន្នភាពទិន្នន័យ ស្ដីពីរចនាសម្ព័ន្ធ នៃការកាន់កាប់ ផ្ទៃដីកសិកម្ម ការដាំដំណាំ ការចិញ្ចឹមសត្វចតុប្បាទ និងបសុបក្សី សកម្មភាពនេសាទ និងវារីវប្បកម្ម និងសកម្មភាពអនុផលព្រៃឈើនៅក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា។
៦. ផ្តល់ទិន្នន័យសម្រាប់គណនាវាស់វែងអំពីការផ្គត់ផ្គង់ និងប្រើប្រាស់ស្បៀងអាហារនៅកម្ពុជា និងគ្រួសារដែល ងាយរងគ្រោះ និងទិន្នន័យដែលអាចវាយតម្លៃលើផលប៉ះពាល់ ពីកត្តាប្រែប្រួលអាកាសធាតុ និងបរិស្ថាន។
៧. ផ្តល់ទិន្នន័យសម្រាប់គណនាវាស់វែងកំណើនសេដ្ឋកិច្ច ឬតម្លៃបន្ថែម នៃវិស័យកសិកម្មនៅកម្ពុជា។
៨. ផ្ដល់ទិន្នន័យសម្រាប់បំពេញសូចនាករគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDG) ឆ្នាំ២០៣០។.