នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យថាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិវាល ភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាថ្ងៃនេះប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារការវិនិច្ឆ័យនៅឃុំកំពង់សីលា មានចំនួន ៣ភូមិ ក្នុងនោះភូមិវាល មានក្បាលដីចំនួន ២៤៥ ភូមិចាំស្រី មានក្បាលដីចំនួន ២១៩ និងភូមិក្រាំងអាត់ មានក្បាលដីចំនួន ២២៦ សរុបទាំង៣ភូមិ មានក្បាលដី ៦៩០។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយច្បាប់ និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្តនិងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី នេះជាការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ដីផងគឺ រដ្ឋគ្រប់គ្រងដីធ្លីបានទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្តិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខ របរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ អាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ និងអាជីវកម្មរ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថាបុគ្គលឬក្រុមណា ដែលប្រមូលឬទារលុយពីជនរងគ្រោះ ថាយកទៅរត់ការដាក់ពាក្យបណ្ដឹង នៅខុទ្ទកាល័យ ក្រសួងស្ថាប័ន ឬរដ្ឋបាលខេត្ត សូមប្រញ៉ាប់យកលុយទៅសងជនរងគ្រោះវិញ អោយបានមុនពួកគាត់ដាក់ពាក្យបណ្ដឹង។
ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត សុំឱ្យបងប្អូនដែលជាម្ចាស់ក្បាលដីមកពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនរយៈពេល១៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៣ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់ ក្នុងកំឡុងពេលនៃការបិទផ្សាយនេះ ម្ចាស់ដី អ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធអាចធ្វើការកែតំរូវ រឺដាក់ពាក្យបណ្តឹងជំទាស់ តវ៉ាបាន ប្រសិនបើពិនិត្យទៅឃើញថាមានកំហុសឆ្គងដោយត្រូវដាក់ពាក្យស្នើសុំ ឬជំទាស់ចូលមកគណៈកម្មការរដ្ឋបាល មន្ត្រីដែលប្រចាំការនៅកន្លែងបិទផ្សាយ តាមរយះអាជ្ញាធរភូមិ សង្កាត់ ហើយត្រូវបានធ្វើការសម្របសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាលរៀងរាល់ម៉ោងធ្វើការ៕