ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាថ្ងៃនេះព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិអូរតាហយ មានក្បាលដីសរុបចំនួន ១៤០ក្បាលដី ក្នុងនោះក្បាលដីដែលត្រូវចេញប័ណ្ណមាន ចំនួន ១៣៤ក្បាលដី និងមិនចេញប័ណ្ណចំនួន៦ក្បាលដី ។ ហើយប័ណ្ណដែលត្រូវចែកជូនមានចំនួន ១២៩ក្បាលដី (សំរាប់ចែក)ហើយប័ណ្ណមិនទាន់អាចចែកបានដោយសាពួកគាត់បាត់ឯកសារមានចំនួន ៥ក្បាលដី មានក្បាលដី (ក្បាលដីលេខ១០៧ សុំបញ្ជូលទិន្នន័យក្រោយបិទផ្សាយ)។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងរាជរដ្ឋាភិបាល។ រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បម្រើដល់ជីវភាពគ្រួសារ និងការវិនិយោគ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះទុកដាក់ប័ណ្ណកម្មសិទ្ធរបស់ខ្លួនឱ្យបានល្អគង់វង្ស ព្រោះប័ណ្ណនេះវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនយកទីធ្វើការបញ្ចាំ លក់ ឬផ្ទេរ ធ្វើអំណោយឱ្យកូនចៅរបស់ខ្លួនទៅតាមលទ្ធភាពរបស់ក្រុមគ្រួសារនីមួយៗ ព្រោះវាបានបញ្ជាក់ជាកម្មសិទ្ធផ្តល់អត្ថប្រយោជន៍ និងសុវត្តិភាពឱ្យយើងជាម្ចាស់ដី តែបើទុកដាក់មិនបានត្រឹមត្រូវ វាក្លាយជាការលំបាក និងគ្រោះថ្នាក់ដល់យើងហើយការធ្វើនេះមានរយ:ពេល ១១ឆ្នាំ ប័ណ្ណនេះមានអត្ថប្រយោជន៍បញ្ជាក់ពីកម្មសិទ្ធកររបស់បងប្អូនមានសុវត្ថិភាពរបស់យើងដោយមានប្រព័ន្ធទិន្នន័យជាក់លាក់។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដែលពីម្សិលមិញនៅក្រុងព្រះសីហនុ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សពីរនាក់ គឺម៉ូតូ និងម៉ូតូដែលបានបាត់បង់កម្លាំងពលកម្ម ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ទាំងអស់គ្នា យើងត្រូវតែគោរពច្បាប់ចរាចរណ៍ ត្រូវប្រើប្រាស់ផ្លូវថ្នល់ដោយការប្រុងប្រយ័ត្នចៀសវាងមានគ្រោះថ្នាក់ និងបានថ្លែងអំណរគុណប្រជាពលរដ្ឋភូមិអូរតាហយ និងប្រជាពលរដ្ឋឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ដែលបានបោះឆ្នោតជ្រើសរើសក្រុបប្រឹក្សាឃុំ សង្កាត់ កាលពីខែមិថុនាឆ្នាំ២០២២ គាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលប់ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងបណ្តាឃុំ សង្កាត់ទាំង២៩ក្នុងខេត្តព្រះសីហនុ សង្ឃឹមថា នៅពេលបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ប្រជាពលរដ្ឋឃុំស្ទឹងឆាយ ស្រុកកំពង់សីលា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកាន់តែច្រើនបន្ថែមទៀត និងទទួលបានចំណាត់ថ្នាក់លេខ១ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ៕