ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តព្រះសីហនុអាណត្តិទី៣ លើកទី១ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជីវក ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដែលបានចុះឈ្មោះបោះឆ្នោតសរុបចំនួន ៥១៨នាក់ ស្រី ២៣០នាក់។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ការបោះឆ្នោតជ្រើសរើសសមាជិកសភាពាណិជ្ចកម្មខេត្តព្រះសីហនុថ្មីនាពេលនេះ ហើយពេលនេះយើងបោះឆ្នោតជ្រើសរើសយកសមាជិកថ្មីចំនួន ៩រូប បូកនិងសមាជិកចាស់ចំនួន ៦រូប ស្មើនឹង ១៥រូប ដែលមានសមាជិកទាំងអស់សរុបចំនួន ១៥រូប ត្រូវធ្វើការបោះឆ្នោតបន្តទៀត ដើម្បីជ្រើសរើសយកប្រធានសភាពាណិជ្ជកម្មថ្មីមួយរូប ដើម្បីធ្វើការដឹកនាំសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ជាលទ្ធផលលោកឧកញ៉ា តាន់ តាត់ ត្រូវបានសមាជិកបោះឆ្នោតទាំង ១៥រូប ធ្វើការបោះឆ្នោតគាំទ្រ ១០០ភាគរយ។ កន្លងមកសភាពាណិជ្ជកម្មមួយចំនួន ច្រើនតែគិតពីផលប្រយោជន៍របស់ខ្លួន ដោយមិនបានធ្វើការចែករំលែកផលប្រយោជន៍ទៅសមាជិក និងអាជីវករជាអ្នកគាំទ្រខ្លួនទៅតាមបណ្តាខេត្ត ដើម្បីការពារផលប្រយោជនរួមរបស់យើងទាំងអស់គ្នា សភាពាណិជ្ជកម្មត្រូវគិតគូរពីផលិតផលរបស់ប្រជាកសិករ ឬអាជីវកម្មនៅតាមខេត្តរៀងៗខ្លួនដោយគិតគូរកទីផ្សារនាំចេញ និងលក់ក្នុងស្រុក សភាពាណិជ្ជកម្មខេត្តមានភារកិច្ចក្នុងការជួយសម្របសម្រួលមានដូចជា ការរៀបចំការតាំងពិពរណ៌ពាណិជ្ជកម្មក្នុងស្រុក និងបរទេសជាមួយប្រទេសជិតខាង ធ្វើឱ្យអាជីវករ នៃប្រទេសទាំងពីរបានដាក់បង្ហាញផលិតផលរបស់ខ្លួន សូមរួមគ្នា និងដាក់ចេញទិសដៅច្បាស់លាស់ ដោយសហការជាមួយរដ្ឋបាលខេត្ត ដើម្បីទាញយកផលប្រយោជន៍ និងជម្រុញវិស័យឯកជនឪ្យកាន់តែមានសន្ទុះកើនឡើងបន្ថែមទៀត ។
លោក គង់ វិតាណៈ អភិបាលរងខេត្ត បានស្វាគមន៍ការបោះឆ្នោតជ្រើសសភាពាណិជ្ជកម្មថ្មីនាពេលនេះ ហើយយើងបានបញ្ចប់កិច្ចការសមាជិកសភាមួយចំនួន បោះឆ្នោតជ្រើសរើសសមាជិកថ្មី និងបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុថ្មី អាណត្តិទី៣ លើកទី១ ដើម្បីធ្វើការដឹកនាំសភាពាណិជ្ជកម្មខេត្តរបស់យើង ហើយការបោះឆ្នោតនេះប្រកបដោយឆន្ទះរបស់អាជីវករ ពាណិជ្ជករក្នុងខេត្តដោយយុត្តិធម៌ យើងត្រូវខិតខំប្រឹងប្រែងបង្កើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចរបស់ខេត្តរបស់យើង សង្ឃឹមថាសភាពាណិជ្ជកម្មថ្មីអាណត្តិទី៣ និងជួយជម្រុញការងារពាណិជ្ជកម្ម អាជីវកម្មក្នុងខេត្តមានការរីកចម្រើននាពេលខាងមុខ។
លោកអភិបាលរងខេត្តបានបន្តថា ដោយមានការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ធ្វើឪ្យខេត្តព្រះសីហនុ បានបើកសេដ្ឋកិច្ចឡើងវិញមុនគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខេត្តរបស់យើងត្រូវបានរាជរដ្ឋាភិបាល បានតំឡើងលំដាប់ជាប៉ូលសេដ្ឋកិច្ចទី២ គឺផ្អែកទៅលើស្ថានភាពសក្តានុពល ភូមិសាស្ត្រ និងការអភិវឌ្ឍ ព្រោះខេត្តរបស់យើងមានលទ្ធភាពច្រើនក្នុងការអភិវឌ្ឍ និងវិនិយោគ យើងនឹងរួមគ្នា ដើម្បីផលប្រយោជនខេត្ត និងផលប្រយោជនសេដ្ឋកិច្ចរបស់អាជីវកររបស់យើង ទាមទាមានការចូលរួមពីសមាជិក សភារបស់យើងផងដែរ ។
លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុថ្មី មានថ្លែងអំណរគុណ ឯកឧត្តម ម៉ៅ ថូ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអភិបាលរងខេត្ត ឯកឧត្តមឧកញ៉ា អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា សមាជិក និងភ្ញៀវដែលបានចូលរួមបោះឆ្នោតគាំទ្ររូបខ្ញុំឱ្យធ្វើជាប្រធានសភាពាណិជ្ជកម្មអាណត្តិទី៣ លើកទី១នាពេលនេះ យើងខ្ញុំសូមសន្យាថា រួមសហការល្អជាមួយសមាជិក និងអាជីវករ ពាណិជ្ជករ និងដឹកនាំសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដើម្បីចូលរួមការអភិវឌ្ឍក្នុងខេត្តព្រះសីហនុរបស់យើង ទន្ទឹមនោះជួយសម្របសម្រួលដល់បងប្អូនអាជីវករ ពាណិជ្ជករដែលប្រកបអាជីវកម្មក្នុងខេត្តព្រះសីហនុ ប្រកបដោយតម្លាភាពក្នុងអាណត្តិទី៣នេះ ឱ្យមានការរីកចម្រើន និងសហការសាមគ្គីគ្នាជាមួយសមាជិក សមាជិកា និងបងប្អូនអាជីវកររបស់យើងកាន់តែមានភាពស្និតស្នាលបន្ថែមទៀត។