រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក លោក លោកស្រីជាមេឃុំ ចៅសង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម ឈួរ សុបញ្ញ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់បក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺអូវីដ-១៩ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២ ក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍនភាពការងាររយៈពេលមួយឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត សម្រាប់ត្រីមាសបន្ទាប់ និងធ្វើការចែករំលែកបទពិសោធន៍ការងារ បញ្ហាប្រឈមនានា រួមគ្នាសម្របសម្រួលដោះស្រាយ។ ទោះបីជាស្ថានភាពបច្ចុប្បន្នបានប្រសើរឡើងវិញក៏ដោយ តែអ្វីដែលនៅសេសសល់ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ បានរងផលប៉ះពាល់ទូទាំងពិភពលោកធ្វើឱ្យប្រជាជនមួយចំនួនធ្លាក់ចូលក្នុងបន្ទាត់នៃភាពក្រីក្រ និងភាពងាយរងគ្រោះ បញ្ហាសុខភាព ខ្វះអាហាររូបត្ថម្ភ និងផលលំបាកជាច្រើនផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិទាំងមូលត្រូវរួមគ្នាដោះស្រាយ និងស្តារស្ថានភាពសេដ្ឋកិច្ចឡើងវិញ ដើម្បីឆ្លើយតប និងឈរលើមូលដ្ឋាន នៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមកិច្ច រាជរដ្ឋាភិបាលរៀបចំបង្កើត “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ផ្តោតលើសសរស្ដម្ភពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដើម្បីកសាងភាពធន់កាត់បន្ថយវិសម ភាពសង្គម ធានាបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅលើកកម្ពស់សុខុមាលភាពសង្គម។ ខ្ញុំក៏សូមផ្តល់អនុសាសន៍ចូលរួមមួយចំនួនដូចខាងក្រោម ៖
១. សូមមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរសុខាភិបាលខេត្តនិងមន្ទីរផែនការខេត្ត បន្តសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការណ៍ជាមួយប្រតិបត្តិករដ៏មានសារៈសំខាន់ និងចាំបាច់ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តកម្មវិធីរបស់យើងឱ្យកាន់តែមានភាពប្រសើរ ២.បន្តប្រើប្រាស់យន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បីប្រាកដថាកម្មវិធីនឹងដំណើរការបានរលូនស្របតាមផែនការ និងលទ្ធផលរំពឹងទុក
៣. រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ ពិសេសមន្ត្រីអនុវត្តកម្មវិធី ពិនិត្យមើលការងារដែលមិនទាន់រួចរាល់ត្រូវបំពេញឡើងវិញ និងធ្វើការផ្សព្វផ្សាយពីកម្មវិធីឱ្យបានជ្រួតជ្រាបក្នុងសហគមន៍
៤.បន្តប្រើប្រាស់នូវជំនាញបទពិសោធន៍ និងយន្តការដែលមានសម្រាប់ការអនុវត្តកម្មវិធី ជៀសវាងអ្នកទទួលផលខកខានទទួលអត្ថប្រយោជន៍។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីជាមេឃុំ ចៅសង្កាត់ របស់យើងបានខិតខំប្រឹងប្រែងធ្វើកិច្ចការប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមនៅតាមមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរ នេះជាស្មារតីរបស់មន្ត្រីរបស់យើងក្នុងការទទួលខុសត្រូវក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នាពេលកន្លងមកគ្របដណ្តប់លើប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ក្នុងនោះមានកម្មវិធីស្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋរងហានិភ័យ ទោះបីយើងមានបញ្ហាប្រឈមខ្លះៗ ក៏ប៉ុន្តែយើងបានខិតខំរួមគ្នាដើម្បីដោះស្រាយបានយ៉ាងល្អ ទន្ទឹមនោះយើងក៏បានផ្ទេរកិច្ចការងារមួយចំនួនឱ្យទៅជំនួយការហិរញ្ញវត្ថុនៅតាមឃុំ សង្កាត់ ដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលនាពេលខាងមុខ ស្នើសុំឱ្យលោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យគាត់កែសម្រួល ចេះរក្សាទុកកាតវីង (បាត់ ឬខូចខាតកាតវីង) និងលេខសង្ងាត់ដកប្រាក់ និងខូចខាតប័ណ្ណក្រីក្រ យើងរួមគ្នាពន្លឿនការទទួលខុសត្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានគុណភាព និងតម្លាភាពនៅតាមមូលដ្ឋាន។