នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុតំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក François Maignan មេបញ្ជាការនាវាល្បាត FNS Prairial នៃសាធារណរដ្ឋបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
ជំនួបនេះបានធ្វើឡើងក្នុងគោលបំណង រឹតចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹករវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និតបន្ថែមទៀត។
ក្នុងឱកាសនោះ លោកអភិបាលរង បានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ហើយកម្ពុជាទទួលស្វាគមន៍គ្រប់នាវាបរទេសដែលមានបំណងចូលចតដើម្បីធ្វើកិច្ចសហការលើវិស័យទេសចរណ៍ យោធា ឬ សន្តិសុខលម្ហសមុទ្រ។ លោកអភិបាលរងបានបន្ថែមថា ខេត្តព្រះសីហនុជាខេត្តមាត់សមុទ្រ និងជាខេត្តអន្តរជាតិ ដូច្នេះកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងបរទេសគឺពិតជាមានសារៈសំខាន់ សម្រាប់ផ្តល់លទ្ធភាពក្នុងការការពារសុវត្ថិភាព និងសន្តិសុខ។ ជាពិសេស ខេត្តព្រះសីហនុ មានបំណងចង់បានកិច្ចសហការ ជួយសង្គ្រោះទូកនេសាទ ឬ ភ្ញៀវទេសចរក្នុងគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។
លោក François Maignan មេបញ្ជាការនាវាល្បាត FNS Prairial នៃសាធារណរដ្ឋបារាំង បានថ្លែងអំណរគុណដល់លោកអភិបាលរង ដែលបានអនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួរសមក្រោយពីនាវាល្បាត បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានេះ លោកមេបញ្ជាការនាវាបានរំលឹកថា លោកធ្លាប់បានមកខេត្តព្រះសីហនុ កាលពី៧ឆ្នាំមុន ហើយការវិញត្រឡប់មកលើកនេះ លោកឃើញយ៉ាងច្បាស់ថាខេត្តព្រះសីហនុពិតជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យស្ទើរមិនគួរឱ្យជឿ។
សូមបញ្ជាក់ថា នាវាល្បាតកងទ័ពជើងទឹកបារាំង ០១គ្រឿង មានឈ្មោះ PRAIRIAL-(F731) បានចូលចតកំពង់ ផែ ស្វយ័ត ក្រុងព្រះសីហនុ ដើម្បីចំណងសាមគ្គីភាព មិត្តភាព និង ទស្សនកិច្ចជា ផ្លូវការ នៅ ព្រះរាជាណាចក្រកម្ពុជា រយៈពេល៥ថ្ងៃ (ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣)៕