ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ សម្រាប់ការត្រៀមរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយបានបគូសបញ្ជាក់ថា ឆ្នាំនេះយើងជ្រើសប្រធានបទចំនួន ៧ ដើម្បីធ្វើការពិនិត្យ ពិភាក្សាគ្នា មានដូចជា ១.ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ២.ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃការជួញដូរមនុស្ស ជួញដូរ ពលកម្ម អាជីវកម្មផ្លូវភេទ និងការធ្វើអធិការកិច្ចហត្ថពលករបរទេស ៣.ការផ្តល់សេវារដ្ឋបាល ការដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ អង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ ៤.យន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ៥.យន្តការគាំទ្ររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ៦.ការគ្រប់គ្រងកាកសំណល់រឹង រាវ និងអនាម័យបរិស្ថាន, និងទី៧.ការងារទេសចរណ៍ ដើម្បីធ្វើការពិភាក្សាតាមក្រុមនិមួយៗក្នុងការប្រមូលធាតុចូលយកមកអនុវត្តនៅឆ្នាំបន្ត។ ដោយឡែកនៅឆ្នាំក្រោយយើងជ្រើសរើសយកប្រធានបទចំនួន៤ មានដូចជា ១.ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ ២.ការអភិវឌ្ឍមូលដ្ឋាន ៣.ការបំរើសេវាសាធារណ ៤.និងការងារសង្គម ហើយចំណុចទាំង៤នេះ ជាការទាក់ទងទៅនឹងប្រធានបទដែលយើងត្រូវយកចិត្តទុកដាក់អនុវត្តការងាររបស់រដ្ឋបាលខេត្តព្រះសីហនុនៅឆ្នាំ២០២២៣ និងឆ្នាំ ២០២៤ខាងមុខឪ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផលក្នុងការបម្រើការងារអភិវឌ្ឍនៅតាមមូលដ្ឋាន នៃខេត្តព្រះសីហនុរបស់យើងកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។