សូមជម្រាបជូនថា នៅដើមខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្ដីជូនដំណឹងស្តីពីការប្រកួតជ្រើសរើសជ័យលាភីផលិតខ្សែវីដេអូខ្លីក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» រហូតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារបានទទួលខ្សែវីដេអូចូលរួមប្រកួតប្រជែងចំនួន២៣ក្រុម។ ក្រោយពីក្រុមការងាររដ្ឋបាលខេត្តពិនិត្យលើខ្លឹមសារ រូបភាព សកម្មភាព របស់ខ្សែវីដេអូនីមួយៗតាមលក្ខខណ្ឌកំណត់ បានសម្រេចជ្រើសរើសខ្សែវីដេអូចំនួន២០ យកទៅផ្សព្វផ្សាយប្រកួតប្រជែងក្នុងផេកផ្លូវការរបស់រដ្ឋបាលខេត្ត ដើម្បីជូនមហាជនទូទៅធ្វើការពិនិត្យវាយតម្លៃដាក់ពិន្ទុតាមរយៈការគាំទ្រ(Like) ហើយត្រូវជ្រើសរើសជាជ័យលាភីពីចំណាត់ថ្នាក់លេខ១ ដល់ចំណាត់ថ្នាក់លេខ៥ ចំពោះខ្សែវីដេអូដែលមានការគាំទ្រច្រើនជាងគេ មានគុណភាពល្អ មានខ្លឹមសារអប់រំ លើកកម្ពស់អនាម័យបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្តនៅខេត្តព្រះសីហនុប្រកបក្ដីសប្បាយរីករាយ។
ខ្សែវីដេអូទាំង២០នឹងត្រូវបង្ហោះជាផ្លូវការក្នុងផេករដ្ឋបាលខេត្តព្រះសីហនុ ចាប់ពីម៉ោង២០:៣០នាទីយប់ ថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ សូមប្រិយមិត្ត និងទស្សនិកជនចូលទស្សនា និងចុចគាំទ្រ(LIKE) ចំពោះខ្សែវីដេអូដែលលោកអ្នកពេញចិត្តសម្រាប់ជាការផ្ដល់ពិន្ទុ។