ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជំនួបប្រជុំជាមួយលោក ចូវ ហៃជាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HODO Group នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទីតាំងនៅភូមិបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ចូវ ហៃជាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HODO Group បានជម្រាបជូនថា រយៈពេលបីឆ្នាំ ដែលលោកមិនបានមកកម្ពុជាដោយសារជំងឺរាតត្បាតកូវីដ-១៩ ម្យ៉ាងដោយសារការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេស ក្នុងការចុះចាក់វ៉ាក់សាំងបង្ការ ជូនដល់បុគ្គលិក កម្មករ ស្របពេលដែលជំងឺកូវីដ-១៩ រីករាលដាលយ៉ាងខ្លាំងនៅកម្ពុជា ក៏ដូចជាប្រទេសនៅលើសកលលោក ហើយនេះក៏ជាកិត្តិយសដែលរូបលោកត្រូវបានសន្និបទគណបក្សកុម្មុយនីយចិន បោះឆ្នោតជាប្រធានសហគ្រាសឯកជនប្រចាំប្រទេសចិន។
លោកបានបន្តថា តាមប្រសាសន៍សម្តេចតេជោខិតខំកសាងសេដ្ឋកិច្ចកម្ពុជា តាមគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីងពីង ដូច្នេះយើងស្វាគមន៍សហគ្រាសមកពីប្រទេសចិន និងប្រទេសផ្សេងទៀតមកកាន់តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។ ទោះបីរូបខ្ញុំ មិនបានមកកាន់ទីនេះ ក៏ប៉ុន្តែខ្ញុំបានមើលតាមប្រព័ន្ធផ្សព្វផ្សាយ ខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងដោយមានការប្រែប្រួលមិននឹកស្មានដល់ ដោយសារតែការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដឹកនាំរបស់ឯកឧត្តម អភិបាលខេត្តនាពេលនេះ ក្រុមហ៊ុន HODO Group និងខិតខំជម្រុញការអភិវឌ្ឍ និងវិនិយោគនៅខេត្តព្រះសីហនុ ដោយជម្រុញទំនាក់ទំនងពាណិជ្ជកម្មចិន កម្ពុជាកាន់តែមានសន្ទុះកើនឡើងបន្ថែមទៀត។ មុនបើកឱ្យដំណើការរោងចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានធ្វើការវិនិយោគនៅប្រទេសថៃ ១០០លានដុល្លាសហរដ្ឋអាមេរិក ដោយឡែកកាវិនិយោគរោងចក្រផលិតសំបកកង់នៅខេត្តព្រះសីហនុ ក្រុមហ៊ុនដាក់ទុនវិនិយោគ ៣០០លានដុល្លាសហរដ្ឋអាមេរិក ធំជាងនៅប្រទេសថៃ យើងក៏បានធ្វើការផ្សព្វផ្សាយដល់សារព័ត៌មាននៅប្រទេសចិន និងអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរ លោក ចូវ ហៃជាំង ត្រូវបានតែងតាំងជាប្រធានសហគ្រាសឯកជនប្រចាំប្រទេសចិន និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HODO Group តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខ្ញុំក៏សុំយកឱកាសនេះសម្រាប់កម្ពុជាជាខួប ៥៣ឆ្នាំ ដែលកម្ពុជាត្រូវបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម។ កម្ពុជារងការឈឺចាប់ ក្រោយពីធ្វើរដ្ឋប្រហារសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព កម្ពុជាមានការអភិវឌ្ឍរីកចម្រើន ពិសេសតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន និងអ្នកវិនិយោគចិន។ សម្តេចតេជោ បានធ្វើការគាំទ្រ គាំពារតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់សម្តេចតេជោ នៅប្រទេសចិនបានលើកទឹកចិត្ត គាំទ្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចសហការ “ត្បូងពេជ្យ” មានទំនាក់ទំនងទៅនិងគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កម្ពុជាជាប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិតហើយថារយៈពេល ៣ឆ្នាំប្រឈមនឹងជំងឺរាតត្បាតកូវីដ-១៩ ខ្ញុំតែងតែមកទីនេះ ក្នុងការជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ទោះបីមានការរំខានដោយកូវីដ តែមិនមានការរាំងស្ទះដល់ដំណើរការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេសនេះទេ សកម្មភាពការងារ និងឱកាសស្រូបយកការងារកាន់តែច្រើនជាងគេ។ នៅទីនេះមានការវិនិយោគពីក្រុមហ៊ុនចម្រុះ មានដូចជា ក្រុមហ៊ុនចិន ក្រុមហ៊ុនអាមេរិក អាលីម៉ង់ បារាំង និងបណ្តាក្រុមហ៊ុនបរទេសជាច្រើនផ្សេងទៀត។ យើងសង្កេតឃើញថា កំណើនផលិតកម្មបង្ហាញឱ្យឃើញពីសុខដុមនីយកម្មមានភាពសុខសាន្ត។ កាលពីខែមុនខ្ញុំក៏បានមកទស្សនកិច្ចរោងចក្រផលិតវត្ថុអនុស្សាវរីយ៍ និងសម្ភារៈគ្រឿងតុបតែងផ្ទះនៅតំបន់សេដ្ឋកិច្ចពិសេស ដែលធ្វើការនាំចេញទៅសហរដ្ឋអាមេរិក។ ហើយថ្ងៃនេះមកចូលរួមអបអរសាទរការបើកដំណើរការផលិតសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក។ ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការមេប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋ ពិសេសដែលមានជំនាញ បច្ចេកទេសទទួលបានប្រាក់បៀវត្សកាន់តែច្រើន។ កម្ពុជាជាប្រទេសកសិកម្មក្នុងការដាំកៅស៊ូច្រើន ស្នើសុំឱ្យរោងចក្រផលិតសំបកកង់ស្រូបទិញជ័រកៅស៊ូក្នុងស្រុក បង្កឱកាសក្នុងការផ្គត់ផ្គង់រោងចក្រ និងជម្រុញជ័រកៅស៊ូរបស់កម្ពុជាមានស្ថេរភាពតម្លៃ ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាកសិករបានមួយកម្រិតថែមទៀតនាពេលខាងមុខ៕