រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោក។ ជាព្រឹត្តិការណ៍ត្រូវបានប្រារព្ធនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាននានាសំដៅបន្តលើកកម្ពស់សមភាពយេន ឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្រ្តី និងក្មេងស្រី។ ខួបលើកទី១១២ នៃទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ពិតជាមានសារៈសំខាន់ និងជាប្រធានបទឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាពក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍមាតុភូមិកម្ពុជាលើគ្រប់វិស័យ ពិសេសនៅក្នុងយុគសម័យឌីជីថល ក្រោមម្លប់នៃសុខសន្តិភាពដែលរកបានមកដោយលំបាកលំបិនបំផុត។ ដោយនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រជាជនកម្ពុជារស់នៅប្រកបដោយសុខដុមរមនាគ្រប់ជាតិសាសន៍គ្មានការរើសអើង និងទទួលបានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទម្លាប់ប្រពៃណីដោយសេរី និងទទួលបាននូវកិច្ចគាំពារសង្គមដ៏ទូលំទូលាយ។
ឯកឧត្តម ខេត្តព្រះសីហនុបានបញ្ជាក់ថា បច្ចុប្បន្នស្ត្រីកម្ពុជាជាកម្លាំងចលករដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ហើយស្រ្តីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលក្នុងទីផ្សារសេដ្ឋកិច្ចជាតិ និងក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យដែលធ្វើឱ្យជីវភាពរស់នៅរបស់ស្ត្រី និងគ្រួសារមានភាពល្អប្រសើរឡើងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះ។ ឆ្លើយតបនឹងប្រធានបទឆ្នាំនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ការងារបញ្ជ្រាបយេនឌ័រដែលជាកិច្ចការអន្តរវិស័យក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕