រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងលោក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹកអមស្ថានទូតថៃប្រចាំប្រទេសកម្ពុជា អញ្ជើញបិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងឆ្មាំឆ្មេរខេត្តព្រះសីហនុ និងវិស័យឯកជនចូលរួមសិក្សារយៈពេល ៥ថ្ងៃ។
លោកវរនាវីឯក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹកអមស្ថានទូតថៃប្រចាំកម្ពុជា តំណាងឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឪ្យដឹងថា វគ្គបណ្តុះបណ្ដាលការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក ជាចំណុចចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ជាមួយអង្គភាពពាក់ព័ន្ធក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីលើកកំពស់សមត្ថភាពមន្ត្រីអាជ្ញាធរខេត្តក្នុងកិច្ច ការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យទេស ចរណ៍ និងសេដ្ឋកិច្ចខេត្តព្រះសីហនុឪ្យកាន់តែរីកចំរើនទៅមុខតទៅ។ លទ្ធផល នៃវគ្គបណ្តុះបណ្តាលនេះ ក្រុមគ្រូបង្វឹកបានបញ្ជាក់ថា សិក្ខាកាមគ្រប់រូបមានការតាំងចិត្ត និងឆន្ទះខ្ពស់ក្នុងការសិក្សាហ្វឹកហ្វឺននឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សិក្ខាកាមក្នុងការទទួលបានចំណេះដឹង សមត្ថភាព និងជំនាញក្នុងកិច្ចការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹកប្រកបដោយប្រសិទ្ធិភាពខ្ពស់ ចំគោលដៅ និងតាមគោល បំណងរបស់ឯកឧត្តម អភិបាលខេត្តព្រះសីហនុដែលចង់បាននាពេលកន្លងមក។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍បិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ។ វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ គឺកើតចេញពីជំនួបរវាងខ្ញុំ និងឯកឧត្តម ឈឿតគៀត អាថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្ហាញអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃលើវិស័យទេសចរណ៍ និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និត និងអាចធ្វើការរួមគ្នាលើកិច្ចសហការក្នុងវិស័យផ្សេងៗទៀតដូចជាវិស័យពាណិជ្ជកម្ម ការតាំងពិពរណ៌សុខាភិបាល និងអប់រំជាដើម។ល។
ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគ្រូបង្វឹក និងជំនួយការគ្រូបង្វឹកដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសបង្វឹក និងបង្ហាត់បង្ហាញទាំងទ្រឹស្តី និងលំហាត់ជាក់ស្តែងនៅក្នុងថ្នាក់ និងកន្លែងហ្វឹកហាត់ដល់សិក្ខាកាមឆ្មាំឆ្នេរសមុទ្រចំនួន ២៤នាក់ ក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធដែលបានផ្តល់ការគាំទ្រ និងសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ ខ្ញុំមានជំនឿជឿជាក់ថា រយៈពេល ៥ថ្ងៃកន្លងមកនេះ ឆ្មាំឆ្នេររបស់យើងទទួលនូវចំណេះដឹង បទពិសោធន៍ និងការអនុវត្តជាក់ស្តែង អំពីវិធីសាស្ត្រជួយសង្រ្គោះជីវិតមនុស្សខណៈពេលមានគ្រោះ អាសន្ននៅលើផ្ទៃសមុទ្រ។ ស្នើសុំឱ្យសិក្ខាកាមយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ យកទៅជួយសង្គ្រោះជីវិតលើផ្ទៃសមុទ្រឱ្យមានប្រសិទ្ធភាព។ ថ្លែងអំណរគុណខេត្តចាន់បុរី ដែលកន្លងមកតែងតែបានជួយបណ្តុះបណ្តាល ស្តីពីឆ្មាំឆ្នេររបស់ខេត្តព្រះសីហនុ បានធ្វើការទំនាក់ទំនងរវាងខេត្តទាំងពីកាន់តែមានភាពស្និតស្នាលថែមទៀត ពិសេសផ្នែកវិស័យទេសចរណ៍ ថៃមានសមត្ថភាពអភិវឌ្ឍលើសេវាកម្មទេសចរណ៍ ដោយឡែកកម្ពុជា នៃទស្សវត្តចុងក្រោយជួបនឹងសង្គ្រាមស៊ីវិល ដែលធ្វើឱ្យមានការរាំងស្ទះដល់វិស័យទេសចរណ៍ ក្រោយកម្ពុជាទទួលបានសន្តិភាពជាង ២០ឆ្នាំ វិស័យទេសចរណ៍បានជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរ ដោយសារប្រទេសយើងទាំងពីរជាប្រទេសសមាជិកអាស៊ាន ក្នុងការជួយជម្រុញលើកទឹកចិត្ត នៃទំនាក់ទំនងទេសចរណ៍ឆ្លងកាត់ ហើយកម្ពុជា និងថៃ ជាប្រទេសដែលមានព្រំដែនគោក ព្រំដែនសមុទ្រជាប់គ្នា ក្នុងការជួយលើកកម្ពស់វិស័យៃទេសចរណ៍ និងការផ្លាស់ប្តូរគ្នាទេសចរណ៍គ្នាទៅវិញទៅមក ទន្ទឹមនោះយើងក៏ត្រូវពង្រឹងគុណភាពឆ្មាំឆ្នេរសមុទ្ររបស់យើង ដើម្បីបំរើភ្ញៀវទេសចរណ៍នៅពេលខាងមុខប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា ប្រទេសយើងទាំងពីរនឹងបន្តការគាំទ្រសេវាជួយសង្គ្រោះ ដើម្បីមានធនធានមនុស្សបំរើសេវាជួយសង្គ្រោះប្រជាជនកម្ពុជាដែលមកលេងកម្សាន្ត និងអាចជួយសង្គ្រោះជនបរទេសផ្សេងៗទៀត ដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ យើងមានភារកិច្ចជួយសង្គ្រោះមនុស្សនៅលើផ្ទៃទឹកដោយមិនមានរើសអើងជាតិសាសន៍នោះឡើយ៕