ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់លោកគ្រូ អ្នកគ្រូ ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគាំទ្រដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដោយចែកជាវេនសម្រាប់មន្ត្រីអប់រំ អ្នកគ្រូ លោកគ្រូទូទាំងខេត្តព្រះសីហនុ ចំនួន ១.៦០៤នាក់។
កម្មវិធីនេះរៀបចំធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ឱកាសដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទូទាំងខេត្តព្រះសីហនុ បានស្វែងយល់សិក្សាពីប៉ូលសេដ្ឋកិច្ច ការរៀបចំទីក្រុងវៃឆ្លាត និងគុណតម្លៃ នៃនយោបាយឈ្នះឈ្នះ តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ ស្ថាបត្យកម្មសំណង់វិមានកីឡាដ្ឋានមរតតេជោនៅរាជធានីភ្នំពេញ និងការអភិវឌ្ឍភូមិធម្មជាតិ និងបទពិសោធល្អៗលើការគ្រប់គ្រង និងដឹកនាំសាលា រៀនគំរូ នៅខេត្តសៀមរាប ព្រមទាំងពង្រឹងមិត្តភាព សាមគ្គីភាព និងភាពស្និទស្នាលឱ្យបានកាន់តែរឹងមាំ។ ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំបែងចែកជា ៤វេន វេនទីមួយៗមានរយៈពេល ៣ថ្ងៃ ដោយមានសមាសភាពមន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ តាមសាលារៀន និងតាមវេននីមួយៗនៃកាលបរិច្ឆេទដូចខាងក្រោម៖
វេនទី១.ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣
វេនទី២.ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣
វេនទី៣.ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
វេនទី៤.ចាប់ពីថ្ងៃ២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។