ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការរដ្ឋបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់បានលើកឡើងថា ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋក្នុងភូមិអូរតាសេកឃុំអូឧកញ៉ាហេងគឺទទួលបានការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដូចនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មកពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះឱ្យបានត្រឹមត្រូវច្បាស់លាស់ដោយមានមន្ត្រីជំនាញសុរិយោដីនៅប្រចាំការដែលមានទីតាំងនៅក្នុងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ឲ្យបានគ្រប់ៗគ្នា។ព្រោះថានេះគឺជាតម្លៃនៃការគ្រប់គ្រងដីធ្លីដោយស្របច្បាប់សម្រាប់បងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការដោយមិនមានការភ័យខ្លាចចំពោះការរំលោភបំពានពីអ្នកដទៃឬជនខិខូចណាមួយនោះបានឡើយ ដូចនេះសូមបងប្អូនរួសរាន់ចូលរួមមកពិនិត្យផ្ទៀងផ្ទាត់ឲ្យបានគ្រប់ៗគ្នាដើម្បីមន្ត្រីជំនាញនិងចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបានឆាប់ៗក្នុងពេលខាងមុខ។ទាំងអស់នេះដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក៏ដូចជាក្រសួងរៀបចំដែនដីនិងឯកឧត្តមអភិបាលខេត្តបានជំរុញធ្វើការ ចុះបញ្ជីដីធ្លី នឹងចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។
មន្ត្រីជំនាញសុរិយោដីខេត្តបានឱ្យដឹងថានៅក្នុង ស្រុកព្រៃនប់ ឃុំជើងគោ ឃុំអូរឧកញ៉ាហេង និង ឃុំបឹងតាព្រហ្មចុះកំណត់ វាស់វែងក្បាលដីសរុបបានចំនួន ១៨.០៣៣ បំពេញទំរង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីបានចំនួន ១៦.៨០៥ បានបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចប់ ឃុំជើងគោ គណៈកម្មការរដ្ឋបាលបានលើកសំណើផ្ដល់កម្មសិទ្ធិលើដីធ្លីសរុបចំនួន ២.៣០០ នៃចំនួនក្បាលដីសរុប ២.៣៧៥ និងបានចែកប័ណ្ណដល់ដប្រជាពលរដ្ឋបានចំនួន ១.៥២៧ ប័ណ្ណ និង ឃុំអូរឧកញ៉ាហេងគណៈកម្មការរដ្ឋបាលបានលើកសំណើផ្ដល់កម្មសិទ្ធិលើដីធ្លីសរុបចំនួន ២.៤៣០ ក្បាលដី ភូមិអូរតាប៉ាង បានចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន ៣៤៩ ប័ណ្ណ ភូមិអូរចំណាចំនួន១៥៧ប័ណ្ណ និងភូមិអូរឧកញ៉ាហេង បានចំនួន ៤៩ប័ណ្ណ។
ក្នុងនោះមន្ត្រីជំនាញបានបញ្ជាក់បន្ថែមថា ដោយមានការឯកភាពគ្នាលើទិន្នន័យដែលមន្ត្រីជំនាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានចុះទៅធ្វើការកំណត់ព្រំដី វាស់វែង និងធ្វើការវិនិច្ឆ័យ ហើយលទ្ធផលដែលទទួលបាន គឺត្រូវបានកសាងជាប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី តាមរយៈប្រព័ន្ធកុំព្យូទ័រ ដែលត្រូវបានយកមកធ្វើការបិទផ្សាយជាសាធារណៈនាពេលនេះ។ ហើយការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ( ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ភូមិអូរតាសេក ឃុំអូរចញ៉ាង ស្រុកព្រៃនប់ មានក្បាលដីចំនួន ៣.៩១៧។ ហើយនេះគឺជាការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដំណាក់កាលទី ៣ នៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ គោលបំណងសំខាន់នៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យគឺដើម្បីធានាបាននូវទិន្នន័យដែលមានភាពត្រឹមត្រូវ ទាំងលក្ខណៈបច្ចេកទេស ទាំងលក្ខណៈច្បាប់ ដោយទុកឱកាសឱ្យអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយ អាចធ្វើការជំទាស់តវ៉ា លើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ។ ការជំទាស់តវ៉ាឬការកែតំរូវ អាចធ្វើបានក្នុងរយៈពេល ១៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី ១៥ ខែមីនា រហូតដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ នៅកន្លែងបិទផ្សាយ ( ក្នុងបរិវេណសាលាឃុំអូរឧកញ៉ាហេង )។
ក្នុងឱកាសនោះលោក លៀម សុដា អភិបាលរងខេត្ត បានលើកឡើងថា ក្នុងរយៈពេលនេះ គណៈកម្មការរដ្ឋបាល និងមន្ត្រីជំនាញ នឹងនៅប្រចាំការរាល់ថ្ងៃ គិតទាំងថ្ងៃឈប់សំរាកនិងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ណែនាំឱ្យម្ចាស់ដីពិនិត្យទិន្នន័យដែលដាក់បង្ហាញជាសាធារណៈ ទទួលបណ្ដឹងតវ៉ាឬការជំទាស់ដែលបានដាក់ចូលមកគណៈកម្មការរដ្ឋបាល ដោយត្រូវធ្វើការដោះស្រាយតាមការព្រមព្រៀង។ ចំពោះការជំទាស់ ឬ វិវាទណាមួយដែលមិនអាចដោះស្រាយបាន ត្រូវបញ្ចូនទៅគណៈកម្មការសុរិយោដីថ្នាក់ជាតិស្របតាមនីតិវិធីដែលបានកំណត់ដោយអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មការសុរិយោដី។ ក្នុងរយៈពេលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មន្ត្រីគ្រប់គ្រងការងារតំបន់វិនិច្ឆ័យអាចកែតម្រូវការខុសឆ្គង ឬការភ្លេចភ្លាំងណា ដែលមិនជះឥទ្ធិពលដល់ផលប្រយោជន៍ត្រឹមត្រូវស្របច្បាប់ នៃជនណាមួយ។ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល ១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យមួយមានភាពសុក្រឹត្យត្រឹមត្រូវ សំរាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីក្នុង ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដោយស្របច្បាប់៕