Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធសមិទ្ធផលនានានានៅវត្តស្មាច់ដែង

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធសមិទ្ធផលនានានានៅវត្តស្មាច់ដែង

ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធសមិទ្ធផលនានានានៅវត្តស្មាច់ដែង ឃុំរាម សុ្រកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការនិមន្តចូលរួមដោយពះវិមលសាគរ ព្រះរាជាគណៈកិត្តិយស ជាមេគុណខេត្ត អ្នកតំណាងរាស្រ្តខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកឧកញ៉ា និងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តស្មាច់ដែង ឃុំរាមដោយធ្វើការកោតសរសើរចំពោះព្រះចៅអធិការគណៈកម្មការអាចារ្យវត្តបានខិតខំលះបង់កម្លាំងព្រះកាយ កម្លាំងព្រះទ័យ ព្រះប្រាជ្ញាស្មារតី និងធនធានចូលរួមអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន រហូតកសាងបាននូវកុដិមួយខ្នងមានបណ្តោយ ១៤ម៉ែត្រ ទទឹង១៣ម៉ែត្រ កម្ពស់ ៨,៣០ ម៉ែត្រ (១ជាន់) ចេតីយ៍១ សំពៅត្រៃលក្ខណ៍ សាលាតម្គល់ព្រះពុទ្ធរូបព្រះអង្គយាងចូលព្រះនិពាន្ធ និងប្រាសាទលោកយាយម៉ៅ ១ខ្នង។ សមិទ្ធផលទាំង៥ ក្នុងវត្តស្មាច់ដែង ដែលសម្ពោធឆ្លងនាពេលនេះចំណាយថវិកាចំនួន ២១២.១៥៨ដុល្លារអាមេរិក។ និងកំពុងដំណើរការសាងសង់សាលាពុទ្ធិកបឋមសិក្សា (សាលាបាលី) ១ខ្នង មានបណ្តោយ ៣២ម៉ែត្រ ទទឹង ៩ម៉ែត្រ កម្ពស់ ១១ម៉ែត្រ (២ជាន់) ស្មើនឹង ៨បន្ទប់ សម្រេចបាន ៤០%។ ហើយសមិទ្ធផលនេះកើតឡើងដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយសម្រាប់តម្តល់ទុកជាសម្បត្តិគរុភណ្ឌ ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ គោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ កម្ពុជាអភិវឌ្ឍវិស័យសាសនា ក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត។ រដ្ឋបាលខេត្តបន្តលើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ស្របពេលកម្ពុជារស់នៅពោរពេញដោយសុខសន្តិភាព វិបុលភាព សុភមង្គល មានសិទ្ធិសេរីភាពខាងជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយគ្រប់ជ្រុងជ្រោយ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននឹងកំពុងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណ ដែលជារបៀបវារៈគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់ខ្លួនប្រកបដោយផ្លែផ្កា និងអនុវត្តន៍រាល់កម្មវិធីកំណែទម្រង់កាន់តែទូលំទូលាយ និងស៊ីជម្រៅ ដែលជាលក្ខណសម្បត្តិអនុគ្រោះថែមទៀត ដល់ការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡា ៣ប្រភេទ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ រួមមាន កីឡាទូកក្កោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់ ដូច្នេះយើងត្រូវចូលរួមសម្អាតបរិស្ថានអនាម័យនៅតាមទីធ្លាសាធារណៈ និងនៅតាមគេហដ្ឋានរៀងៗខ្លួនឱ្យបានសាកសម ជាទីក្រុងទេសចរណ៍ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ និងឆ្នាំបន្តបន្ទាប់។
ក្នុងឱកាសនោះអភិបាលខេត្តប្រគេនបច្ច័យ ៨.០០០ដុល្លា ទូទាត់ថ្លៃជំពាក់ការសាងសង់ ជូនយាយជី តាជី ៣០នាក់ ក្រណាត់ស ១ដុំ ថវិកា ២០.០០០រៀល លោកគ្រូ អ្នកគ្រូ ៥០នាក់ ម្នាក់ ៥០.០០០រៀល យុវជនកាកបាទក្រហម កាយរិទ្ធ ស.ស.យ.ក អ.ម.ត សមាគមន៍នារី ដើម្បីសន្តិភាព២០០នាក់ ម្នាក់ ២០.០០០រៀល សិស្សានុសិស្ស ចំនួន១០០នាក់ ម្នាក់ សៀវភៅ២ក្បាល ប៊ិច២ដើម ថវិកា ១០.០០០រៀល សាលាស្រុកព្រៃនប់ ១.០០០.០០០រៀល មណ្ឌលសុខភាព ៥០០.០០០រៀល៕