រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹង និងលើកកំពស់ប្រសិទ្ធិភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ទាំង ២៩ក្នុងខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បី ពិនិត្យមើលវឌ្ឍនភាពនៃការបំពេញចំណុចខ្វះខាត ក្នុងការបំពេញតួនាទីភារកិច្ចរបស់រដ្ឋបាលមូលដ្ឋានតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងដើម្បីជាជំហានក្នុងការពង្រឹង និងលើកកំពស់ប្រសិទ្ធិភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការអនុវត្តគម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់។
លោកអភិបាលរងបានណែនាំឱ្យអស់លោក លោកស្រីយកចិត្តទុកដាក់ទៅលើ ប្រសិទ្ធភាព ប្រសិទ្ធិផលនៃការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួន។
បន្ថែមពីលើនេះ អភិបាលក្រុង ស្រុក មេឃុំចៅ សង្កាត់ទាំងអស់ត្រូវ ធ្វើអាទិភាវូបនីយកម្មការអភិវឌ្ឍធនធានមនុស្សនៅក្នុងស្ថាប័ន និងប្រើធនធានដែលមានស្រាប់ឱ្យត្រូវតាមសក្តានុពល និងអស់លទ្ធភាព។