នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
វិស័យសុខាភិបាលជាវិស័យអាទិភាព ដែលតែងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់យកចិត្តទុកដាក់ខ្ពស់បំផុតចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការពិនិត្យវាយតម្លៃលទ្ធផលការងារក្នុងវិស័យសុខាភិបាលឆ្នាំ២០២២ បានបង្ហាញពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ នៅក្នុងការកែលម្អសុខភាពបន្តពូជ ការកាត់បន្ថយអត្រាមរណភាព មាតា ទារក និងកុមារ និងការកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់បណ្ដាលមកពីជំងឺឆ្លងចម្បងៗដូចជា ជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង ជាដើម ខណៈដែលអន្តរាគមន៍នៃសេវាបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងចម្បងៗ ត្រូវបានពង្រឹង និងពង្រីកការគ្រប់ដណ្ដប់។
ក្នុងការពង្រឹងវិស័យសុខាភិបាលឆ្នាំ២០២៣ និងឆ្នាំបន្តរាជរដ្ឋាភិបាល នឹងផ្ដោតទៅលើអាទិភាពចម្បង៖
ទី១.កែលម្អស្ថានភាពសុខភាពប្រជាជនទូទៅឱ្យកាន់តែប្រសើរឡើងតាមរយៈការកាត់បន្ថយអត្រាឈឺនិងស្លាប់ដោយសារជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម, លើសសម្ពាធឈាម, មហារីក, ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ) និងជំងឺសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន កែលម្អសុខភាពបន្តពូជ កាត់បន្ថយមរណភាពមាតា ទារក កុមារ និងការលម្អកង្វះអាហារូបត្ថម្ភកុមារ និងកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺឆ្លងចម្បងៗ និងបញ្ហាសុខភាព សាធារណៈដទៃទៀត។
ទី២. ពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ដោយផ្ដោតលើការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព ប្រព័ន្ធផ្ដល់សេវាសុខភាពប្រកបដោយនវានុវត្ត ជាពិសេសសេវាថែទាំសុខភាពបឋម និងគុណភាព និងសុវត្ថិភាពនៃសេវា។
ទី៣. ពង្រឹងយន្តការអភិបាលកិច្ច និងនិយ័តកម្ម ប្រព័ន្ធតាមដាន និងវាយតម្លៃស្នាដៃប្រព័ន្ធសុខាភិបាល និងការសិក្សាស្រាវជ្រាវសុខាភិបាល។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានយកឱកាសនេះថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងគ្រូពេទ្យគ្រប់រូប អង្គការសុខភាពពិភពលោក(WHO) និងអង្គការដៃគូនានា ដែលបានប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់នាពេលកន្លងមកនេះ និងបានជួយកម្ពុជាលើវិស័យសុខភិបាល និងសុខភាពសាធារណៈរបស់ប្រជាពលដ្ឋកម្ពុជា ព្រមទាំងបានផ្តល់នូវអនុសាសន៍ និងការទូន្មានមួយចំនួនដល់ក្រុមគ្រូពេទ្យ និងផ្នែកបម្រើសុខាភិបាល ក្នុងបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។