នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សាឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំ២០២២-២០២៣ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីជានាយក នាយិកាសាលានៅទូទាំងខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡាខេត្តព្រះសីហនរយពេលពីរថ្ងៃ នឹងក្លាយជាកម្លាំងចលករថ្មីមួយជួយជំរុញ និងដុសខាត់កែឆ្នៃវិស័យអប់មានសន្ទុះឈានឡើងទាំងផ្នែកបរិមាណ និងគុណភាពស្របតាមស្តង់ដានៃការអប់រំកម្រិតអន្តរជាតិ។ ធ្វើយ៉ាងណាខិតខំត្រងត្រាប់ស្តាប់យកបទពិសោធន៍ល្អៗគំនិតថ្មីៗនិងខិតខំពិភាក្សាស្វែងរកគន្លឹះ ប្រធានបទនិមួយៗដំណោះស្រាយល្អស្របតាមគោលការណ៍នៃការអប់រំ ជាឧត្តមប្រយោជន៍នៃប្រទេសជាតិ និងផលប្រយោជន៍កូនចៅប្រជាពលរដ្ឋយើងនៅទូទាំងខេត្តព្រះសីហនុនេះតទៅ។ ខ្ញុំសូមជូនពរដល់អង្គសន្និបាតសូមប្រព្រឹត្ត ទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាវិជ្ជមានប្រកបដោយនិរន្តរភាព ស្របតាមទិសដៅច្បាស់លាស់ ត្រូវមានគោលការណ៍អប់រំមួយ ដែលដំណើរការស្រប តាមនិយាមគរុកោសល្យ មានស្តង់ដាសមស្រប ព្រមជាមួយមន្ត្រីអប់រំមានសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងមានវិន័យថ្លៃថ្នូរ ប្រកបដោយមនសិកាវិជ្ជាជីវៈ។ ការសម្រេចបានលទ្ធផលល្អ អាស្រ័យដោយមានការពិនិត្យតាមដាន និងអភិបាលកិច្ចល្អ ដែលជាកត្តាចាំបាច់មិនអាចខ្វះបានចំពោះមន្ត្រីគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ ដើម្បីមានមូលដ្ឋានតាមដាន និងវាយតម្លៃធានាប្រសិទ្ធភាព នៃការអប់រំមួយអាចសម្រេចតាមទិសដៅកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជន និងកីឡា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយបញ្ញាញាណដ៏ខ្ពង់ខ្ពស់។
លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ កោតសរសើរនឹងវាតម្លៃខ្ពស់ចំពោះបុគ្គលិកអប់រំ លោកនាយក នាយិកាគ្រប់សាលាកម្រិត សិក្សាក្នុងខេត្តព្រះសីហនុ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ បានរួមសាមគ្គីគ្នាខិតខំចំណាយទាំងកម្លាំងកាយ កម្លាំងចិត្តក្នុងការបំពេញការងារនាពេលកន្លងមកស្របតាមតួនាទីភារកិច្ចរៀងៗខ្លួនជាមួយនឹងស្មារតីទួលខុសត្រូវខ្ពស់ជាពិសេសការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរដែនដីមាតាបិតានិងសហគមន៍ក្នុងការអភិវឌ្ឍន៍វិស័យអប់រំខេត្តព្រះសីហនុឲ្យមានការរីកចម្រើនគួរជាទីមោទនៈ ស្របពេលដែលកម្ពុជាកំពង់ស្ថិតនៅលើគន្លង ប្រកបដោយទស្សនៈទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” ។ សមិទ្ធផល ដែលសម្រេចបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រវិស័យអប់រំនិងកម្មវិធីកែទម្រង់ អប់រំស៊ីជម្រៅ របស់ក្រសួងអប់រំយុវជននិងកីឡាដែលបានដាក់ចេញក្នុងអាណត្តិទី៦ សំដៅធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ខេត្តព្រះសីហនុ ដែលនឹងប្រែក្លាយជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ។ គោលនយោបាយរបស់ក្រសួងអប់រំបានកែសម្រួលក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ មកនៅត្រឹម២ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទី៤ (SDG4)។ គោលនយោបាយទី១. ធានាឲ្យមានការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា (គុណភាពអប់រំ-SDG4)។ គោលនយោបាយទី២.ធានាភាពសក្តិសិទ្ធិ នៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។
ក្នុងឱកាសនោះលោកជំទាវ បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
១.ក្តាប់ឱ្យបាននូវទិសដៅផែនទីដែលត្រូវដើរ គោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា
២.ត្រូវអនុវត្តឱ្យបាននូវគោលនយោបាយ ផែនការសកម្មភាពតាមអនុវិស័យទាំង៧ ដែលមន្ទីរអប់រំយុវជននិងកីឡា
៣.សាលារៀនទាំង១០២ ត្រូវតែរៀបចំ Profileសាលា ដោយខ្លួនឯងតាមបរិបទទីតាំងភូមិសាស្ត្ររបស់ខ្លួន
៤.សាលារៀននីមួយៗត្រូវដាក់ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពប្រចាំឆ្នាំ ធ្វើឱ្យប្រែប្រួលបរិស្ថានសាលារៀន និងការងារបច្ចេកទេស
៥.ត្រូវបន្តលើកកម្ពស់ការ សិក្សាតាមបែប Digital បន្តទៀត។