ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡាខេត្តព្រះសីហនុឆ្នាំសិក្សា២០២១-២០២២ និងទិសដៅឆ្នាំសិក្សា២០២២-២០២៣ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក លោកស្រីនាយិការសាលាទូទាំងខេត្ត។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពវិស័យអប់រំនៅខេត្តព្រះសីហនុ មានសាលារៀនចំនួន ១០៦សាលា ក្នុងនោះ មត្តេយ្យសិក្សាដាច់ដោយឡែក៣ សាលាបឋមសិក្សា៧២ អនុវិទ្យាល័យ១២ វិទ្យាល័យ ១២ និងសាលាឧបសម្ព័ន្ធចំនួន២ មានសិស្សសរុបក្នុងឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ៤៨,៨៧៧នាក់ ស្រី ២១,២៩៣នាក់។ អត្រាបញ្ចប់ការសិក្សានៅបឋមសិក្សាបានកើនឡើង ១៦.៣៥% អត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាបឋមភូមិកើនឡើង ១៣.៩៨% និងអត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិកើនឡើង ១៣.៩៨% ក្នុងនោះសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A សម្រាប់ឆ្នាំសិក្សា២០២១ ២០២២មានចំនួន ២២នាក់។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា វិស័យអប់រំយុវជន និងកីឡាមានសារៈសំខាន់ ដែលជាធនធានមនុស្សត្រូវសម្លាប់ស្ទើរអស់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដូច្នេះយើងត្រូវឈេលើគោលការណ៍ “ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ“ នេះជាបញ្ហាចាំបាច់មួយដែលយើងត្រូវរួមគ្នាដោះស្រាយ។ ចំពោះវិស័យអប់រំត្រូវបានបំផ្លាញដល់ប្ញសគល់ រួមមាន អគារសិក្សា ឯកសារស្រាវជ្រាវ សៀវភៅសិក្សាត្រូវបំផ្លាញ បញ្ញវ័ន្ត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ គឺជាមុខសញ្ញាត្រូវកម្ទេចចោល។ ក្រោយថ្ងៃ ៧មករា ១៩៧៩ ជាថ្ងៃកំណើតទី២ បើគ្មានថ្ងៃ ៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។ វិស័យអប់រំបានចាប់ផ្តើមបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីរួមចំណែកកសាងអនាគតប្រជាពលរដ្ឋជាបណ្តើរៗទទួលបានសមត្ថភាពពេញបរិបូរណ៍ ហើយជាជន្ទល់ទ្រសង្គមជាតិរឹងមាំដូចសព្វថ្ងៃនេះ។ ស្ថិតក្នុងគ្រាដ៏លំបាកដែលយើងសល់តែបាតដៃទទេ ដៃម្ខាងខិតខំកសាងជាតិ និងដៃម្ខាងការពារជាតិមាតុភូមិ ប្រជាជន និងទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ យើងបានចាប់ផ្តើមប្រមូលធនធានមនុស្សដែលមាននៅសេសសល់ពីការកាប់សម្លាប់ ដើម្បីជំរុញដំណើរការអប់រំ ក្នុងស្ថានភាពដ៏លំបាកលំបិនស្មុគស្មាញ ក្រោមការគាបសង្កត់ពីសហគមន៍អន្តរជាតិមួយចំនួនធំ។
ឯកឧត្តម បានបន្តថា លទ្ធផលផ្លែផ្កានេះ បានកើតឡើងដោយការរួមចំណែករបស់មន្ត្រីអប់រំយើងនៅគ្រប់ជាន់ថ្នាក់បានរួមសហការគ្នាជាមួយអាជ្ញាដែនដី សហគមន៍មាតាបិតាសិស្ស និងសប្បុរសជន ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរធ្វើការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពទាមទារឱ្យយើងមានធនធានទាំងថវិកា និងសម្ភារៈ ប៉ុន្តែសំខាន់បំផុត គឺត្រូវមានធនធានមនុស្ស ដើម្បីដំណើរការវិស័យអប់រំប្រកបដោយនិរន្តរភាពស្របតាមទិសដៅច្បាស់លាស់ ត្រូវមានគោលការណ៍អប់រំមួយដែលដំណើរការស្របតាមនិយាមគរុកោសល្យមានស្តង់ដាសមស្រប ព្រមជាមួយមន្ត្រីអប់រំពោរពេញដោយសមត្ថភាព មានក្រមសីលធម៌វិជ្ជាជីវៈ និងមានវិន័យថ្លៃថ្នូរប្រកបដោយមនសិកាវិជ្ជាជីវៈខ្ពស់ រួមគ្នាបំពេញភារកិច្ចក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមច្បាប់ស្តីពីការអប់រំ ដើម្បីសម្រេចតាមទិសដៅកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជន និងកីឡា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយបញ្ញាញាណដ៏ខ្ពង់ខ្ពស់។ សន្និបាតបូកសរុបអប់រំយុវជន និងកីឡានាថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវ ការរីកចម្រើនរបស់វិស័យអប់រំយុវជន និងកីឡាក្នុងមួយឆ្នាំសិក្សាកន្លងមកទាំងចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន។ យើងនៅមានចំណុចខ្វះខាតត្រូវបំពេញបន្ថែម និងចំណុចអវិជ្ជមានណាខ្លះដែលយើងត្រូវកែលម្អ បន្តផ្សព្វផ្សាយចែករំលែកបទពិសោធន៍សម្រាប់អនុវត្តការងាររបស់យើងឱ្យមានដំណើរការល្អ ស្របតាមវិធានការណ៍កំណែទម្រង់នៃវិស័យអប់រំឈានឆ្ពោះទៅមុខប្រកបដោយភាពជោគជ័យក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣នេះ។