ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦
បានឱ្យដឹងថារយៈពេល ៣ថ្ងៃ ចាប់ថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី
ជាតិខ្មែរ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកសម្រាកកម្សាន្តចំនួន ៦០,៦៨០នាក់ ធៀប
នឹងឆ្នាំ២០១៥ ថយចុះ ៣២,៨៤% ក្នុងនោះភ្ញៀវទេសចរជាតិសរុបចំនួន ៥៣,៣៩៩ នាក់ ធៀបនឹងឆ្នាំ២០១៥ ស្មើ
នឹង១២% និងភ្ញៀវទេសចរអន្តរជាតិសរុប ចំនួន ៧,២៨១ នាក់ ធៀបនឹងឆ្នាំ២០១៥ ស្មើនឹង៧៨% ។ ដោយឡែកក្នុង
ឱកាសពិធីបុណ្យនេះ ខេត្តទទួលបាននាវាទេសចរណ៍១គ្រឿង មានភ្ញៀវសរុប ២០៥៣នាក់ ស្មើនឹង២០សញ្ជាតិ ដែល
ភាគច្រើនជាជនជាតិអូស្រ្តាលី អង់គ្លេស និង ញ៉ូហ្សឺឡែន ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ សម្រាប់ភ្ញៀវទេសចរ
ដែលនិយមទៅកម្សាន្តនៅតាមបណ្តាកោះនានា ពិសេសកោះរ៉ុងក្នុងខេត្តព្រះសីហនុ សរុបចំនួន ២,១៧៤នាក់ ក្នុងនោះ
ភ្ញៀវទេសចរជាតិ ៣១៧នាក់ និងភ្ញៀវទេសចរអន្តរជាតិ ១,៨៥៧នាក់។
សូមជម្រាបផងដែរថា ជារៀងរាល់ឆ្នាំមិនថាពិធីបុណ្យជាតិ-អន្តរជាតិ ឬថ្ងៃសម្រាកចុងសប្តាហ៍ទេ ភ្ញៀវទេសចរជាតិ-
អន្តរជាតិ តែងមកសម្រាកកម្សាន្ត និងទស្សនាខេត្តព្រះសីហនុយ៉ាងច្រើនកុះករ ពិសេសនៅតាមបណ្តាកោះនានាក្នុង
ខេត្តព្រះសីហនុ ដូចនេះហើយអាជ្ញាធរខេត្ត បានកំពុងនឹងយកចិត្តទុករៀបចំកែលំអហេដ្ឋារចនាសម័្ពន្ធនានា ពង្រឹង
សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ ធានាបាននូវបរិស្ថានល្អ ។ល។ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងទស្សនលើក ស្ទួយវិស័យទេសចរណ៍ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងនោះ ពិធីបុណ្យកាន់បិណ្ឌ គឺជា ពិធីបុណ្យប្រពៃណីដ៏ល្អផូផង់មួយរបស់ប្រជាជាតិខ្មែរយើង ដែលតែងតែប្រារព្ធ
រៀបចំឡើងជារៀងរាល់ឆ្នាំ គឺចាប់ផ្តើមឡើងតាំងពីថ្ងៃ ១រោច ខែភទ្របទ ដើម្បីឧទ្ទិសនូវផល្លានិសង្ឃដល់ជនដែលធ្វើ
មរណកាលទៅកាន់បរលោក និងជួបជុំញាតិមិត្តជិត-ឆ្ងាយ អ្នកមានឧបការគុណ ជាដើម៕ អត្ថបទៈ រ៉ន