រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញក្នុងពិធីប្រគល់ទទួលសៀវភៅ ពីឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកនិពន្ធ និងជាប្រធានក្រុមការងារ ចំនួន៣៣៥ក្បាល។
សៀវភៅដែលប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ រួមមាន៖-កូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន ២៥៥ក្បាល
-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ចំនួន ២០ក្បាល
-ទឹកចិត្តអ្នកជួយសង្គ្រោះ ចំនួន ២០ក្បាល
-សម្តេច ហ៊ុន សែន ០៣យន្តការឈ្នះកូវីដ-១៩ ចំនួន ២០ក្បាល
-សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា ចំនួន ២០ក្បាល។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។ ឯកឧត្តម បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំនឹងនាំយក សៀវភៅប្រកបដោយគុណតម្លៃនេះទៅចែកជូនដល់មន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងខេត្ត ដើម្បីជាមូលដ្ឋានឱ្យពួកគាត់ឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ ឬសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឱ្យកាន់តែយល់ច្បាស់អំពីតួអង្គជា បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគតផងដែរ។
ឯកឧត្តម គួច ចំរើន ក៏បានយកឱកាសនោះគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៍ដល់ក្រុមការងារចងក្រងសៀវភៅ រហូតក្រុមការងារអាចចងក្រងបានជាសៀវភៅប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះទុកសម្រាប់ជាកេរមរតកដល់កូនចៅខ្មែរគ្រប់ៗជំនាន់តរៀងទៅ។