ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាសមាគមមរណសង្គ្រោះ និងសមាគមមរណភាពខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាព តាជី យាយជី។
លោក ម៉ែន សូផាត បានរាយការណ៍ការងារសាងសង់អគារសមាគមមរណសង្គ្រោះ និងសមាគមមរណភាពខេត្តព្រះសីហនុ មានបណ្តោយ ១៧ម៉ែត្រ ទទឹង ៨ម៉ែត្រ មានកម្ពស់ ២ជាន់ ធ្វើពីបេតុង ប្រក់ហ្វីប្រូស៊ីម៉ង់ ចាប់ផ្តើមសាងសង់កាលពីខែសីហា ឆ្នាំ២០២០ និងបញ្ចប់នៅខែមករា ឆ្នាំ២០២១ ចំណាយថវិកាចំនួន ១៥៧.៨០០ដុល្លាសហរដ្ឋអាមេរិក និងប្រាក់រៀល ១.៤៤៥.០០០រៀល ថវិកាបានមកពីការចូលរួមពីបងប្អូនសប្បុរសជន និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមធ្វើការកោតសរសើរវាយតម្លៃចំពោះគណៈគ្រប់គ្រង សមាជិក នៃសមាគម បានខិតខំលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានក្នុងការងារមរណសង្រ្គោះ ដូចជា ផ្តល់នូវរថយន្តដឹកសព កោដ្ឋ មឈូស ថវិកាសម្រាប់ចាត់ចែងបុណ្យ សពដល់ជនក្រីក្រ ជនគ្មានទីពឹង ជនអាណាថា ជនកំសត់ទុរគត អប់រំផ្សព្វផ្សាយសីលធម៌ សុជីវធម៌ ប្រពៃណី ទំនៀមទំលាប់ និងព្រះពុទ្ធសាសនាដល់យុវជនបង្កើតកម្មវិធីបង្រៀនព្រះធម៌ ដល់ឧបាសក ឧបាសិកា ព្រមទាំងការងារសង្គមជាច្រើនទៀតមានដូចជា ឧបត្ថម្ភ តុ កៅអី ដល់សាលារៀន ការងារកាកបាទក្រហម មន្ទីរពេទ្យ ចុះសួរសុខទុក្ខកងទ័ពនៅតាមព្រំដែន ជនជាប់ឃុំក្នុងពន្ធធនាគារ មណ្ឌលកែប្រែគ្រឿងញៀនជាដើម ។ល។ ជាពិសេសបានសាងសង់អគារទីស្នាក់ការសមាគម ហើយសមិទ្ធផលនេះសម្រាប់តម្តល់ទុកជាប្រយោជន៍សាធារណៈក្នុងខេត្តព្រះសីហនុ។ សកម្មភាពរបស់សមាគមពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់រដ្ឋបាលខេត្ត ក្នុងការងារសង្គហធម៌ និងមនុស្សធម៌ ដើម្បីរួមគ្នាសាងភាពសុខដុមរមនា និងការអភិវឌ្ឍរីកចម្រើននៅខេត្តព្រះសីហនុនាពេលខាងមុខ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ក្រុងព្រះសីហនុទទួលបានចំណាត់ថ្នាក់ទីក្រុងស្អាត (ផ្ការំដួល៣ទង) និងចំណាត់ថ្នាក់លេខ២ ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ ២០២២ (Best Countdown city of the year 2022) ការដាក់ចេញនូវកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតសំខាន់លើវិស័យចំនួន ៦រួមមាន៖ នយោបាយ និងការទូត សមត្ថភាព ផលិត និងវាយភណ្ឌ កសិកម្ម ថាមពល សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជា ជនរួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ខេត្តព្រះសីហនុ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ៣ប្រភេទ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ រួមមាន កីឡាទូកក្កោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្ថែមទៀតថា ១.គ្រោះថ្នាក់ចរាចរណ៍ជារឿងមួយសំខាន់តម្រូវឱ្យយើងទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ ទី២.គ្រឿងញៀនបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ សង្គមគ្រួសារ ព្រមទាំងស្នើសុំឱ្យព្រះសង្ឃ បន្តជួយអប់រំផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ សិស្សានុសិស្ស ដើម្បីចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ទន្ទឹមនោះវិធានាការរដ្ឋបាលចុះអនុវត្តច្បាប់រឹតបណ្តឹងច្បាប់ចរាចរណ៍ ដើម្បីឱ្យបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការស្លាប់។ ហើយនៅដើមឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅខែមករា បណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស ៩នាក់ និងខែកុម្ភៈ បាត់បង់អាយុជីវិត ១៣នាក់។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អ្នកចូលរួមត្រូវត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីរក្សាសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តក៏បានផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូ ក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ប៊ីចេងមួយកញ្ចប់ ខ្ទឹមសរមួយកញ្ចប់ និងថវិកា ២០.០០០រៀល ។ មណ្ឌលកែប្រែពន្ធនាគារខេត្តទទួលបានអង្គរ ៣តោន មណ្ឌលកែប្រែគ្រឿងញៀនខេត្តអង្ករ ២តោន ភ្ញៀវកិត្តិយសចំនួន ៥០នាក់ ទទួលបានកាដូមួយ ក្នុងនោះមានអាវអាចារ្យមួយថវិកា ២០.០០០រៀល ក្រុមអាចារ្យ គណៈកម្មាការសមាគម៨០ នាក់ ទទួលបានអាវអាចារ្យមួយ ថវិកា ១០.០០០រៀល យាយជី តាជី ៣០នាក់ ក្នុងម្នាក់អាវមួយ ថវិកា ២០.០០០រៀល និងឧបត្ថម្ភថវិកា ១៩.០០០ដុល្លាអាមេរិកសងថ្លៃឡានដឹកសព ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូនសប្បុរសជនដែលបានចូលរួម៕