ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីនគ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា អញ្ជើញប្រកាសខេត្តព្រះសីហនុ អស់មីននៅទីលានតេជោ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលខេត្តកំពង់ស្ពី ខេត្តកោះកុង ខេត្តកែប និងខេត្តកំពត លោកអភិបាលរងខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាព សិស្សានុសិស្ស និងប្រជាពលរដ្ឋ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពមីននៅខេត្តព្រះសីហនុ មានផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនចំនួន ២.៦៦០.៥១៥ម៉ែត្រក្រឡា ត្រូវបានកម្លាំងជំនាញស៊ីម៉ាកបានធ្វើការបោសសម្អាតចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២ រុករកគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១១.១៤៩គ្រាប់ ក្នុងនោះមីនប្រឆាំងថ្មើរជើង (AP) ចំនួន២០៨គ្រាប់ គ្រាប់បែកទម្លាក់( MK Bomb) ចំនួន ៨៩គ្រាប់ គ្រាប់បែកចង្ក្រោម Cluster ចំនួន ៣៩គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងៗ (Oter ERW) ចំនួន ១០.៨១៣ រហូតមកដល់បច្ចុប្បន្នផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីននៅក្នុងខេត្តព្រះសីហនុ ត្រូវបានារុករក និងបោសសម្អាតអស់ជាស្ថាពរ។ ហើយការប្រកាសខេត្តព្រះសីហនុ ជាខេត្តអស់មីននាពេលនេះ គឺចំទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ លើកទី២៤ ក្រោមប្រធានបទ ” យើងរួមគ្នា ដើម្បីសហគមន៍គ្នានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ” ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតមូលនិធិសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដី សុវត្ថិភាព បង្កើតស្នាម ញញឹម” ក្នុងគោលបំណងបោសសម្អាតគ្រាប់មីនឱ្យអស់ពីទឹកដីកម្ពុជាត្រឹមឆ្នាំ២០២៥។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទមាន ប្រសាសន៍អបអរសាទដែលខេត្តព្រះ សីហនុប្រកាសជាខេត្តអស់មីន យើងបានធ្វើការប្រកាសរាជធានី ខេត្តចំនួន ៦ ជារាជធានី ខេត្តអស់មីន រួមមានខេត្តស្ទឹងត្រែង កែប ព្រៃវែង ត្បូងឃ្មុំ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយឡែកនៅឆ្នាំ២០២៣នេះ គ្រោងប្រកាសខេត្តអស់មីនចំនួន១២បន្ថែមទៀត គឺខេត្តកំពង់ចាម ស្វាយរៀង កណ្តាល តាកែវ កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប រតនគីរី និងខេត្តមណ្ឌលគីរី។ ក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងមាន ៧ខេត្ត ត្រូវប្រកាសថា អស់មីន ហើយបានដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមានខេត្ត កោះកុង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តមមានជ័យ និងខេត្តព្រះវិហា។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់ថា កម្ពុជាជាប្រទេសឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ ព្រមទាំងប្រឈមនឹងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ បង្កឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការភាពរាប់ពាន់នាក់ កម្ពុជាក៏ជាសមាជិកអង្គការសហប្រជាជាតិឆ្នាំ២០០៦ បានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីន ដើម្បីជួយសម្រាលទុកជូនប្រជាជនប្រទេសផ្សេងៗរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់មិនទាន់ផ្ទុះពីសង្គ្រាមដូចជា ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាល។ នៅឆ្នាំ២០២២ កម្ពុជាទទួលបានលំដាប់លេខរៀងទី២ ក្នុងការបរិច្ចាគកម្លាំងវីរយុវយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់ថ្នាក់លេខរៀងទី១២ ក្នុងចំណោមប្រទេសដែលបានបរិច្ចាកកងកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៧ នាក់ ក្នុងនោះនារីចំនួន ១២៤នាក់ កំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្តាល។ ថ្វីបើកម្ពុជាទទួលបានលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការបោសសម្អាតមីនផ្ទៃដីមានមីនចំនួន ៦៤៨គីឡូម៉ែត្រការ៉េ និងគ្រាប់មិនទាន់ផ្ទុះចំនួន ១.៣២៧គីឡូម៉ែត្រការ៉េបន្ថែមទៀត។ ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន “កម្ពុជាមួយគ្នានមីនឆ្នាំ២០២៥” ហើយសំណល់ដោយសារគ្រាប់មិនទាន់ផ្ទុះត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរិមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព។ ទន្ទឹមនោះការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតែជាកិច្ចការដ៏ចាំបាច់មួយក្នុងការកាត់បន្ថយគ្រោះថ្នាក់មីន និងផលប៉ះពាល់អវិជ្ជមាននៅក្នុងសហគមន៍៕