Home / ព័ត៌មានទូទៅ / ឯកឧត្តម ង៉ោ សុវណ្ណ និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រោះមហន្តរាយរបស់ខេត្តព្រះសីហនុឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣

ឯកឧត្តម ង៉ោ សុវណ្ណ និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រោះមហន្តរាយរបស់ខេត្តព្រះសីហនុឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣

ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រោះមហន្តរាយរបស់ខេត្តព្រះសីហនុឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានរាយការណ៍ពីសកម្មភាពការងារគ្រោះមហន្តរាយរបស់ខេត្តព្រះសីហនុឆ្នាំ២០២២ មានដូចជាទឹកជំនន់មាននៅក្នុងស្រុកព្រៃនប់ ស្ទឹងហាវ និងកំពង់សីលា។ ទន្ទឹមនោះក៏មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ក្នុងក្រុងចំនួន១ និងស្រុកចំនួន៣ នៃខេត្តព្រះសីហនុ បណ្ដាលឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៤,១៥៩ខ្នង ស្មើនឹង ៤,១២១គ្រួសារ។ គ្រោះមហន្តរាយលង់ទឹកមាន ១៨ករណី បណ្ដាលឱ្យមនុស្សស្លាប់ ២០នាក់។ គ្រោះមហន្តរាយភ្លើងអគ្គីភ័យកើតឡើង ១៩ករណី -បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី -ឆេះរាលដាលពីដុតសំរាម -ឆេះរៀលចេញពីភ្លើងឆេះព្រៃ។ បណ្ដាលឱ្យមនុស្ស ៤នាក់រងរបួស ក្នុងនោះធ្ងន់ ២នាក់ ស្រាល២ ខូចខាតផ្ទះ សម្ភារៈមួយចំនួនមានដូចជាម៉ូតូទឹក១គ្រឿង ម៉ូតូ ៥គ្រឿង រថយន្ត ៩គ្រឿង តូបលក់សម្ភារៈ៨ កន្លែងបន្ទប់ស្នាក់នៅ ៥បន្ទប់យានដ្ឋានជួសជុលរថយន្ត១កន្លែងចេះក្បាលរថភ្លើង១គ្រឿង ចេះផ្ទះ ៥ខ្នង ឆេះឃ្លាំង ២កន្លែង ឆេះម៉ាស៊ីនភ្លើង១ ឆេះទូកុងតឺន័រ១ ខូច ខាតដំបូលមួយផ្នែករបស់ស្ថានីយប្រេងឥន្ធនៈតេលា។ គ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន ១៦៧ ករណី បណ្ដាលឱ្យមនុស្សស្លាប់ ១០២នាក់ ខូចខាតរថយន្តចំនួន ២៦៩គ្រឿង ម៉ូតូ ១៦៣គ្រឿង។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ខេត្តជួបបញ្ហាប្រឈមមួយចំនួនដូចជា៖ -ធនធានសម្ភារៈនិងថវិកា -បញ្ហាជនបង្គោលតាមក្រុង ស្រុកមិនទាន់បានរៀបចំច្បាស់លាស់ -ការរៀបចំទីទួលសុវត្ថិភាពនៅតាមក្រុង ស្រុកមិនទាន់បានល្អ -ការរៀបចំប្រព័ន្ធទឹកស្អាតសម្រាប់ផ្គត់ផ្គង់ពេលមានគ្រោះអាសន្នមិនទាន់បានល្អ។ ទិសដៅសម្រាប់អនុវត្តការងារឆ្នាំ២០២៣ រដ្ឋបាលខេត្តបានដាក់ចេញនូវគោលការណ៍ផែនការបម្រុង និងវិធានការទាក់ទងនឹងការគ្រប់គ្រងគ្រោះមហន្តរាយមានដូចជា ផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈបង្ការនៅរដូវស្សា។ ប្រកាសឱ្យដឹងមុនសញ្ញា គ្រោះថ្នាក់ និងហានិភ័យជូនដល់ក្រុង ស្រុក ឃុំ សង្កាត់ រៀបចំផែនការថវិកា ស្បៀង ប្រេងឥន្ធនៈសម្ភារៈផ្សេងៗសម្រាប់ឆ្លើយតប គ្រោះមហន្តរាយ រៀបចំផែនការអភិវឌ្ឍមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តលើការធានាសមាហរណកម្ម ការត្រៀមបង្ការ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សម្របសម្រួលជាមួយដៃគូជាតិ អន្តរជាតិក្នុងការកាត់បន្ថយគ្រោះមហន្តរាយ ជម្រុញរដ្ឋបាលក្រុង ស្រុក រៀបចំទីទួលសុវត្ថិភាព និងត្រៀមបង្ការគ្រោះមហន្តរាយ។