រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២២ កើតឡើង ១៨៥លើក លើ ១២៩លើក កើនឡើង ៥៦លើក ស្មើនឹង ៤៣ភាគរយ បង្កជនបរទេស ១៨លើក (ចិន១៦លើក, ឥណ្ឌូនេស៊ី២លើក) រថយន្តនិងរថយន្ត ១២លើក រថយន្តនិងម៉ូតូ ៩០លើក ម៉ូតូនិងម៉ូតូ ២១លើក រថភ្លើងនិងម៉ូតូ ៥លើក រថយន្តនិងម៉ូតូបង្កដោយខ្លួនឯង ៣៩លើក រថយន្តនិងម៉ូតូបង្កជាមួយសត្វពាហនៈ និងថ្មើរជើង ១៨លើក។ គ្រោះថ្នាក់ខាងលើបណ្តាលឱ្យមនុស្សស្លាប់ ១១០នាក់ លើ ៧៣នាក់ ស្រី ៧នាក់ កើនឡើង ៣៧នាក់ ស្មើនឹង ៥២,៥១ភាគរយ (ជនបរទេសមាន ២សញ្ជាតិ ស្លាប់ ៨នាក់ ស្រី៤នាក់)។ របួស ២១២នាក់ លើ ១៣៩នាក់ ស្រី ៤៣នាក់ កើនឡើង ៧៣នាក់ ស្មើនឹង ៥២.៥១ភាគរយ (ជនបរទេស ២សញ្ជាតិ របួស៩នាក់) ខូចខាតយានយន្ត ២៨១គ្រឿង លើ ២២៤គ្រឿង កើន ៥៧គ្រឿង ស្មើនឹង ២៥ភាគរយ ក្នុងនោះរថយន្ត ៩៩គ្រឿង (កំរិតធ្ងន់ ៤៧គ្រឿង) ម៉ូតូ ១៨២គ្រឿង (កំរិតធ្ងន់ ១១០គ្រឿង )។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍មានដូចជា៖
១-បើកហួសល្បឿនកំណត់ ១១២ករណី
២-វ៉ាជែង ៣ករណី
៣-បើកបរមិនគោរពសិទ្ធិ ២០ករណី
៤-បើកបរធ្វេសប្រហែស ១៤ករណី
៥-បច្ចេកទេសយានយន្ត ៣ករណី
៦-បើកបរដោយស្រវឹង ៣ករណី។ លទ្ធផលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ ផាកពិន័យចេញប័ណ្ណត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោកចំនួន ៨,៨៨១គ្រឿង ក្នុងនោះរថយន្ត ៣៥៩គ្រឿង (រថយន្តធុនធ្ងន់ ៣៣គ្រឿង) ម៉ូតូ ៨.៥២២គ្រឿង ទឹកប្រាក់ចំនួន ៦៥៨.៣៩០.០០០រៀល។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់បថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទទួលខុសត្រូវរក្សាសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ ការរឹតបន្តឹងអនុវត្តច្បាប់ ការគ្រប់គ្រងអ្នកបើកបរ និងការគ្រប់គ្រងលក្ខណៈបច្ចេកទេសយានយន្ត។ ល។ ការគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីសុវត្ថិភាព និងអាយុជីវិតរបស់ខ្លួនអ្នក គ្រួសារអ្នក និងសង្គមជាតិ។ ទន្ទឹមនោះយើងក៏នូវមានបញ្ហាប្រឈមផងដែរ និងដាក់ចេញទិសដៅអនុវត្តពង្រឹងការត្រួតពិនិត្យ អប់រំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពបន្ថែមទៀត សំដៅរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ជាពិសេសជំរុញការទប់ស្កាត់ និងកាត់បន្ថយនូវកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។